លោក ទូច ស៊ីផាត ដឹកនាំកិច្ចប្រជុំបេសកកម្មគាំទ្រការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ កសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ទូច ស៊ីផាត អគ្គនាយរងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ កសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) បានអញ្ជើញដឹកនាំកិច្ចប្រជុំបេសកកម្មគាំទ្រការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្តគម្រោង នៃអង្គភាពដឹកនាំគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារអនុវត្តគម្រោង នៃអង្គភាពអនុវត្តគម្រោងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមបេសកកម្មនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគអឺរ៉ុប (EIB)។

 

លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង SAAMBAT បានលើកឡើងថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអនុវត្តគម្រោង ដែលកិច្ចប្រជុំផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

–  ការពិនិត្យមើលវឌ្ឍនភាពរួម និងការពិនិត្យឡើងវិញការអនុវត្ដការងាររបស់សមាសភាពទី១ និង សមាសភាពទី២ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣

–  ការពិនិត្យមើលវឌ្ឍនភាពរួម និងការពិនិត្យឡើងវិញនៃការកំណត់គោលដៅ, យុទ្ធសាស្រ្តយេនឌ័រ និងការបញ្ចប់សេចក្តីព្រាងគោលនយោបាយយេនឌ័រ

–  ការពិនិត្យលើប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ និងការកែសម្រួលក្របខ័ណ្ឌលទ្ធផលការងារ, ធ្វើបច្ចុប្បន្នភាពឯកសារណែនាំការអនុវត្តគម្រោង និងរៀបចំការសិក្សាអំពីផលជះចុងគ្រា នៅឆ្នាំ២០២៥

–  ការពិភាក្សាអំពីកាលបរិច្ឆេទ និងជម្រើសនៃការបញ្ចប់គម្រោង

 

បេសកកម្មគាំទ្រការអនុវត្តគម្រោងនេះ មានរយៈពេល ០៨ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយមានការប្រជុំពិភាក្សា ពិនិត្យលើវឌ្ឍនភាពរួមនៃការអនុវត្តគម្រោងកន្លងមក ការពិភាក្សាលើបញ្ហា និងការប្រឈមដែលជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ធានាដំណើរការអនុវត្តគម្រោងតាមផែនការដែលគ្រោងទុក។ ជាមួយគ្នានេះ ក្រុមបេសកកម្មក៏ចុះពិនិត្យមើលវឌ្ឍនភាព និងដំណើរការស្ថាបនាផ្លូវ, ជួបប្រជុំជាមួយសហគមន៍ជាអ្នកទទួលផលគម្រោងដែលរស់នៅតាមខ្សែផ្លូវ និងពិនិត្យលើដំណើរការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។

 

សូមបញ្ជាក់ថា៖ គម្រោង SAAMBAT បែងចែកជា ២ សមាសភាគគឺ៖

សមាសភាគទី១ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវស្ថាបនាផ្លូវជនបទ កែលម្អផ្សារសហគមន៍ កំពង់ដសហគមន៍ និងសាងសង់កន្លែងប្រមូលផ្តុំកសិផលសម្រាប់បណ្តុំកសិករ។

សមាសភាគទី២ អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបណ្តុះបណ្តាលជំនាញ សហគ្រាស និងបច្ចេកវិទ្យា ដោយចែកជា ៣ អនុសមាសភាគរួមមាន៖

–  អនុសមាសភាគ ២.១៖ បណ្តុះបណ្តាលជំនាញយុវជន និងសហគ្រាស អនុវត្តដោយអង្គភាពអភិវឌ្ឍន៍ជំនាញ (SDU)

–  អនុសមាសភាគ ២.២៖ បច្ចេកវិទ្យាឌីជីថលសម្រាប់ច្រវ៉ាក់ផលិតកម្មជនបទអនុវត្តដោយមជ្ឈ-មណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”(TSC)

–  អនុសមាសភាគ ២.៣៖ ការសិក្សាស្រាវជ្រាវគោលនយោបាយ អនុវត្តដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ