ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិស្មើនឹង២៣០គ្រួសារ ក្នុងស្រុកសំរោង
- ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តតាកែវ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិស្មើនឹង២៣០គ្រួសារ ក្នុងនោះភូមិត្រពាំងវិហារ ចំនួន២០០ គ្រួសារ និងភូមិតាមៅចំនួន ៣០ គ្រួសារ ស្ថិតនៅឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។
សូមបញ្ជាក់ផងដែរថា ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស។ ក្នុងនោះផងដែរ ក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យ គ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចុះធ្វើសកម្មភាព លើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដារស្រះ ជួសជុលនិងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕