ពិធីប្រកាសទទួលស្គាល់ ជាសង្កាត់ចំនួន២ និងភូមិចំនួន៤ នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ចែលរំលែក

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលា ក្រុងកោះរ៉ុង បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់ សង្កាត់ទាំង២ និងភូមិទាំង ៤ នៃក្រុងកោះរ៉ុង បានបញ្ចប់ទាំងស្រុងការបន្ទោបង់ពាសវាលពាសកាល (ODF)។ ក្នុងនោះសង្កាត់ទាំង ២ ទទួលបាន ODF និង ចំពោះថ្នាក់ភូមិ មានចំនួន ២ ភូមិ ទទួលបាន ODF+ និង ចំនួន ២ភូមិទៀត ទទួលបាន ODF។

 

កម្មវិធីនេះប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក អ៉ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានTWG ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត លន សាយតេង ប្រធាន​នាយកដ្ឋានសុខភាពជនបទ នៃ​ក្រសួងអភិវឌ្ឍន៏ជនបទ និងមន្ត្រីជំនាញ  លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង។

 

បន្ទាប់ពីពិធីប្រកាសទទួលស្គាល់ និងចែកវិញ្ញាបនបត្រជ័យលាភីដល់សង្កាត់ទាំង២ និងភូមិទាំង៤ រួចមក គណៈអធិបតី និងក្រុមការងារ បានបន្តចុះផ្ទៀងផ្ទាត់ស្ថានភាពទឹកស្អាត និងអនាម័យ តាមខ្នងផ្ទះប្រជាពលរដ្ឋ សាលារៀន និងមណ្ឌលសុខភាព ក្នុងក្រុងកោះរ៉ុង។

 

ក្រោយពីចុះពិនិត្យ និងផ្ទៀងផ្ទាត់រួចមក ក្រុមការងារបានសម្រេចទទួលស្គាល់ក្រុងកោះរ៉ុងទាំងមូល បានបញ្ចប់ទាំងស្រុង ជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នឹងរៀបចំពិធីប្រកាសទទួលស្គាល់ នៅពេលដ៏ខ្លីខាងមុខ។

 

សូមបញ្ជាក់ផងដែរថា ក្រុងកោះរ៉ុង មានប្រជាជន ១១០១ គ្រួសារ ស្មើនឹង 1090 ខ្នងផ្ទះ ដោយឡែកខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់សរុប ១០៤១ ខ្នងផ្ទះ ស្មើនឹង ៩៥.៥០%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ