
ឯកឧត្តម សួន សេរីរដ្ឋា បានដឹកនាំកិច្ចប្រជុំស្ដីពី ពង្រឹងការអនុវត្តផែនការសកម្មភាពនិងថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច
- ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្ដីពី ពង្រឹងការអនុវត្តផែនការសកម្មភាពនិងថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោក ម៉េង សៅភាក់គុណ អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ឈុន សុីវិថា អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ជនជាតិភាគតិច ព្រមទាំងមានការចូលរួមពីសំណាក់ លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់និងសហការី និងថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចំនួន ១៦រូប ស្រី៣រូប។
ជាកិច្ចចាប់ផ្តើមលោក ធីម សុធារ៉ា ប្រធានមន្ទីរ បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ជូន ឯកឧត្តមរដ្ឋលេខាធិការ ស្តីពីស្ថានភាពទូទៅរបស់ខេត្តពោធិ៍សាត់ និងបានជម្រាបជូនអំពី ជនជាតិដើមភាគតិចក្នុងខេត្តពោធិ៍សាត់មានចំនួន ៣ ជនជាតិគឺ៖
-ជនជាតិភាគតិចព័រ
-ជនជាតិភាគតិចជង
-ជនជាតិភាគតិចទំពូន
បច្ចុប្បន្ន ក្រុមជនជាតិដើមភាគតិចទាំង៣ក្រុមនេះ កំពុងរស់នៅក្នុងភូមិគោដៅចំនួន២៣ភូមិ ស្ថិតក្នុង ស្រុកចំនួន២ និងឃុំចំនួន៥ គឺ៖
-ស្រុកភ្នំក្រវាញ៖ មានឃុំសំរោង ចំនួន៨ភូមិ, ឃុំសន្រ្ទែ ចំនួន១ភូមិ, ឃុំលាច ចំនួន១ភូមិ
-ស្រុកវាលវែង៖ មានឃុំអូរសោម ចំនួន៤ភូមិ និងឃុំប្រម៉ោយ ចំនួន៩ភូមិ។
សូមបញ្ចាក់បន្ថែមទៀតថា កន្លងមកក្រុមជនជាតិដើមភាគតិចក្នុងខេត្តពោធិ៍សាត់ ដែលត្រូវបានទទួលស្គាល់អត្តសញ្ញាណដោយក្រសួងអភិវឌ្ឍន៍ជនបទមានចំនួន ៨ក្រុម រួចរាល់ហើយ និងមានចំនួន២ក្រុមទៀត កំពុងដាក់ឯកសារស្នើសុំទទួលស្គាល់ពី ក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៤នេះ។ ក្នុងរយៈពេលកន្លងមកនេះមន្ទីរ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ខេត្ត ស្រុក ឃុំ តែងតែបានចុះធ្វើបច្ចុប្បន្នភាព និងធ្វើការផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តនានាដល់ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចផងដែរ។
បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍របស់លោកប្រធានមន្ទីរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ ដល់ក្រុមការងារមន្ទីរ និងអ្នកពាក់ព័ន្ធ ដែលបានខិតខំស្រាវជ្រាវ និងរៀបចំបែបបទ នីតិវិធី កំណត់អត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើម រហូតត្រូវបានទទួលស្គាល់អត្តសញ្ញាណត្រឹមត្រូវតាមនីតិវិធីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបអំពីគោលបំណង នៃកម្មវិធីខាងលើ គឺរៀបចំឡើងដើម្បីជជែកអំពីតួនាទី ភារកិច្ចរវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការអនុវត្តសកម្មភាព ដំណើរការចុះកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលនៅសេសសល់ និងការវិភាជថវិការបស់មន្ទីរ ដល់ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច ការរាំងស្ទះនូវការទូទាត់ថវិកាកម្មវិធី ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៕