មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយគំនិតផ្ដួចផ្ដើម និងការគ្រប់គ្រងអាជីវកម្មខ្នាតតូច

ចែលរំលែក

ខេត្តតាកែវ៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយគំនិតផ្ដួចផ្ដើម និងការគ្រប់គ្រងអាជីវកម្មខ្នាតតូច នៅភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដែលមានសិក្ខាកាមចូលរួមចំនួន ៣១នាក់ ស្ត្រី១២នាក់។

 

សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណង៖

– បំផុសគំនិតដល់សិក្ខាកាមឱ្យចេះជ្រើសរើសមុខរបរ ឬអាជីវកម្មខ្នាតតូច ដោយផ្ដើមចេញពីសមត្ថភាព ភាពប៉ិនប្រសប់ និងចំណូលចិត្តរបស់ខ្លួន ព្រមទាំងសំឡឹងមើលពីផលិតផលជាសក្ដានុពល និងតម្រូវការជាមូលដ្ឋានក្នុងសហគមន៍ និងសហគមន៍ជិតខាង។

– បង្រៀនសិក្ខាកាមឱ្យចេះរៀបចំផែនការអាជីវកម្មដូចជា៖ ផែនការហិរញ្ញវត្ថុ (ចំណូល- ចំណាយ) ផែនការសកម្មភាព ផែនការយុទ្ធសាស្រ្តទីផ្សារ (ការប្រកួតប្រជែង ការកំណត់គោលដៅអតិថិជន ការផ្សព្វផ្សាយ ការអភិវឌ្ឍន៍ផលិតផល និងការកំណត់ជ្រើសរើសយកទីតាំងសមស្របសម្រាប់បង្កើតអាជីវកម្ម)។

 

ជារួមសិក្ខាសាលាផ្សព្វផ្សាយនេះបានបំផុសគំនិតដល់សិក្ខាកាមឱ្យចេះជ្រើសរើស បង្កើតមុខរបរ ឬអាជីវកម្ម និងបានចែករំលែកនូវចំណេះដឹងអំពីការរៀបចំផែនការ ការចាប់ផ្តើមបង្កើត និងការគ្រប់គ្រងមុខរបរ ឬដំណើការអាជីវកម្ម ដែលធ្វើឱ្យសិក្ខាកាមអាចយកចំណេះដឹងទាំងនេះទៅរៀបចំបង្កើត និងគ្រប់គ្រងរបរ ឬអាជីវកម្មដោយខ្លួនឯងបាន សំដៅធ្វើឱ្យជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សិក្ខាកាមមានភាពប្រសើរឡើងជាងមុន។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ