ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជា នៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍនកសិកម្ម (IFAD) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍  ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជា នៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍនកសិកម្ម (IFAD) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

បន្ទាប់ពីបានថ្លែងនូវមតិស្វាគមន៍ចំពោះលោកនាយក និងប្រតិភូអមដំណើររួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានោះឯកឧត្តមក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖

 

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ន និងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជម្រាបជូន អំពីបញ្ហាប្រឈម ដែលក្រសួងកំពុងជួបប្រទះ ដូចជាការកំណត់ទិសដៅអាទិភាពលើការងារពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទប្រកាន់អនាម័យល្អ ក្នុងការរស់នៅ​ ការលើកទឹកចិត្តបង្កើតមុខរបរ បង្កើនចំណូលគ្រួសារនៅជនបទ តាមរយៈការបង្កើតឱ្យមានភូមិគំរូជាដើម។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងបន្តទៀតថា ក្រសួងបានដាក់ចេញទិសដៅបន្តរបស់ខ្លួន ៧ចំនុចរួមមាន៖

១- ការលើកកម្រិតគុណភាពផ្លូវជនបទ ពីផ្លូវដីទៅជាផ្លូវក្រាលបេតុង និងកៅស៊ូពីរជាន់

២- ការជំរុញស្ថាបនា និងវិនិយោគសាធារណៈលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ( ផ្លូវលំ និងប្រពន្ធចែកចាយទឹក និងអនាម័យ) នៅកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

៣- ការងារថែទាំឱ្យមានចីរភាពយូរអង្វែងនៃសមិទ្ធផលដែលបានកសាងរួច

៤- ការបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរទទួលប្រាក់ចំណូលគ្រួសារ

៥-ជំរុញពង្រីកវិសាលភាពក្នុងការរៀបចំបង្កើតភូមិគំរូ

៦- ការរៀបចំគោលនយោបាយ ច្បាប់ និងបទដ្ឋាន នានា

៧- ការពង្រឹងស្ថាប័ន ដោយបន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មន្ត្រីមូលដ្ឋានដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។

 

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន លោកនាយក និងសហការី អំពីសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និង មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) នាពេលកន្លងមកផងដែរ។

 

ជាចុងក្រោយ លោកនាយក បានប្តេជ្ញាចិត្តជូន ឯកឧត្តមរដ្ឋមន្រ្តី បន្តសហការជួយក្រសួងលើការងារអភិវឌ្ឍន៍ជនបទដូចជាការជំរុញការវិនិយោគ និងគាំទ្រជាហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការលើកិច្ចការងារអភិវឌ្ឍន៍ចម្រុះ លក្ខណៈអន្តរវិស័យជាមួយក្រសួងអភិវឌ្ឍន៍ជនបទ​ ការពិនិត្យលទ្ធភាពក្នុងការកៀរគរជំនួយហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសម្រាប់បន្តគាំទ្រលើទិសដៅបន្តជាយុទ្ធសាស្រ្ត របស់ឯកឧត្តមរដ្ឋមន្រ្តី លើវិស័យអភិវឌ្ឍន៍ជនបទ​ ការគាំទ្រនិងជំរុញបញ្ចប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ​ ២០២៥-២០៣៥ របស់ក្រសួងឱ្យបានជោគជ័យក្នុងពេលឆាប់ៗនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ