ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ  បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។

 

បន្ទាប់ពីបានស្ដាប់ការអានរបាយការណ៍បូកសរុបលទ្ធផលការងារខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ ដោយ លោក អៀង ដាំ ប្រធានមន្ទីរ រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកធ្វើឱ្យខេត្តកំពង់ស្ពឺមានការប្រែប្រួលមុខមាត់ថ្មី។

 

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត សួស គង់ បានលើកឡើងអំពី ចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

 

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងអភិវឌ្ឍន៍ជនបទ  ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី បាននិងកំពុងអនុវត្តនូវកម្មវិធីអាទិភាពរបស់ខ្លួនចំនួន ៤ គឺ (១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (២) កាកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ (៤) ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត សួស គង់ បានផ្តាំផ្ញើ និងណែនំា ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ ដូចខាងក្រោម៖

 

១-ត្រូវបន្តថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន នឹងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

២- ត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

៣- មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានកិច្ចសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

៤- មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយផែនការ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ ដែលប្រទេសជាតិទាំងមូលកំពុងមានសម្ទុះអភិវឌ្ឍន៍ ក្រោមម្លប់សន្តិភាពពេញលេញបរិបូណ៌។

៥- ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ត្រីរាជការក្រោមឱវាទ។

៦- ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្សពួក យកចិត្តទុកដាក់មន្ត្រីមានពីការភាព មន្ត្រីមានផ្ទៃពោះ ជាដើម។

៧- ត្រូវជៀសវាងឱ្យបានជាដាច់ខាតការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងត្រូវចូលរួមអនុវត្តវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

៨- ត្រូវបន្តអនុវត្ត ផែនការមេផ្លូវជនបទ និងត្រូវសិក្សាគម្រោងលម្អិតបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្ដែង។

៩- ត្រូវត្រៀមរៀបចំចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅមន្ទីររួចមក ឯកឧត្តមបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងក្រុមការងារបច្ចេកទេស បានបន្តចុះត្រួតពិនិត្យការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ មួយខ្សែ ស្ថិត (ផ្លូវក្រាំងធំ-សាមគ្គី) ក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ប្រវែង ២៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ ដែលលទ្ធផលសម្រេចបានប្រមាណ ៥៥%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ