ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក​ និងបរទេស។

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក​ និងបរទេស។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀត។  ជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលពីសំណាក់តំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក​ និងបរទេស​ចំនួន​ ៤៤​ អង្គការ​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ (Zoom)។

 

តាមរបៀបវារៈ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ បានចាប់ផ្ដើមឡើងអានរបាយការណ៍សង្ខេបបញ្ជាក់ថា៖ អង្គការមិនមែនរដ្ឋាភិបាលដែលកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលបច្ចុប្បន្នរួមមានអង្គការមិនមែនរដ្ឋាភិបាល បរទេស មានចំនួន ៣៣អង្គការ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមានចំនួន ១១អង្គការ ដែលអង្គការទាំងអស់នេះបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មានសុពលភាពរយៈពរល ៣ឆ្នាំម្ដង ហើយបាននឹងកំពុងអនុវត្តសកម្មភាពនៅតាមបណ្តារាជធានីខេត្តគោលដៅរបស់ខ្លួន។

 

បន្ទាប់មក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។  យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

 

ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ជាអាទិ៍ (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២). ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

ឯកឧត្ដមបានបន្តលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរឡើង ។ ឯកឧត្ដមបានបន្តទៀតថា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ យកចិត្តទុកដាក់បន្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ដែលក្នុងនោះការអភិវឌ្ឍន៍ភូមិគំរូ ក៏ជាភារកិច្ចរបស់ក្រសួងដែលបច្ចុប្បន្នក្រសួងកំពុងអភិវឌ្ឍន៍ភូមិគំរូចំនួន ៣០ភូមិ និងមានផែនការពង្រីកវិសាលភាពអភិវឌ្ឍន៍ភូមិថ្មីបន្ថែមទៀត។

 

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់វេទិការជូនទៅបណ្ដាអង្គការមិនមែនរដ្ឋាភិបាលដើម្បីបញ្ចេញនូវទស្សនៈ សូចនាករល្អៗរបស់ខ្លួន និងបទពិសោធន៍របស់ខ្លួនក្នុងនាមជាអង្គភាពជួយចូលរួមស្ថាបនា និងកិច្ចសហប្រតិបត្តិការ។

 

ជាការឆ្លេីយតប​ ឯកឧតត្ដមរដ្ឋមន្រ្ដី បានលេីកឡេីងថា៖ ដេីម្បីធ្វេីឱ្យកាន់តែប្រសេីរឡេីងក្នុងភាពជាដៃគូរសហការដ៏ល្អរវាងគ្នា​ ក្រសួងសូមទទួលយកនូវសំណូលពរ​ ក៏ដូចជាមតិយោបល់ល្អ​ យកមកពិនិត្យ​ និងពិចារណា។ ឯកឧត្តមបានបន្តលេីកឡេីងទៀតថាក្នុងការសហប្រតិបត្តការជាដៃគូរ​ យេីងត្រូវដាក់ប្រយោជន៍ប្រជាជនជាអទិភាព ធ្វេីយ៉ាងអោយជីវិតប្រពលរដ្ឋជនបទត្រូវបានលើកកម្ពស់ និងទទួលបាននូវគុណតម្លៃជីវិតប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច​ សង្គម​ និងវប្បធម៌។

 

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី- ខេត្ត បន្តសហការជាមួយបណ្ដាអង្គការមិនមែនរដ្ឋាភិបាលឱ្យបានល្អ រួមគ្នាអនុវត្តយុទ្ធសាស្រ្ដបច្ចកោណដំណាកើកាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងបញ្ញាញាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ