នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវស្តីពីតម្រូវការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៦

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅ ទីស្ដីការក្រសួង ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ជនបទ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គការដៃគូពាក់ព័ន្ធសម្រាប់ការគាំទ្រលើការសិក្សាស្រាវជ្រាវស្តីពីតម្រូវការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៦។

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងមានការចូលរួមពីតំណាងអង្គការចំនួន ០៦ គឺ អង្គការ WASH SKILL Development Organization អង្គការ iDE អង្គការ EAST MEET WEST អង្គការ RTI International អង្គការ Food for Hungry (FH) និង អង្គការ EWB Australia សរុបចំនួន ១៦រូប ក្នុងគោលបំណងដើម្បីបង្កើតឱ្យមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពីដៃគូពាក់ព័ន្ធ ដើម្បីសិក្សារួមគ្នាលើតម្រូវការការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជូនមន្ត្រីរាជការ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌការងាររបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។

 

ដើម្បីឱ្យការអនុវត្តការនេះមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដូចខាងក្រោម៖

 

១. នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវបន្ដពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយគ្រប់អង្គការដៃគូពាក់ព័ន្ធ ទាំងអស់ដើម្បីឱ្យមានការចូលរួម និងគាំទ្រតាមមធ្យោបាយនានា។

 

២. នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ រៀបចំឯកសារបានពេញលេញ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាដល់ដំណើរការស្រាវជ្រាវនេះឱ្យបានឆាប់រហ័ស ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់ ឱ្យឆ្លើយបតទៅនឹង ផែនការយុទ្ធសាស្ដ្ររបស់ក្រសួង សំដៅចូលរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលកំណត់យកជាអាទិភាពទី១ គឺការអភិវឌ្ឍមូលធនមនុស្ស៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ