ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ទីស្ដីការក្រសួង និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។

ក្នុងឱកាសនៃពិធីបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួនប្រកបដោយឆន្ទៈ ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបញ្ញាញាណរបស់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមក ។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយបានកំណត់ចក្ខុវិស័យគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដែលប្រែក្លាយទៅជាកម្មវិធីអាទិភាពចំនួន ៥។ កម្មវិធីអាទិភាពនេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧  ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារ ដែលមានខ្លឹមសារដូចខាងក្រោម៖

–  ថ្នាក់ដឹកនាំទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ និងស្ថានភាពធ្វើការរបស់មន្ដ្រី និងគិតគូរដល់ការលើកទឹកចិត្តមន្ដ្រីតាមរយៈការផ្ដល់ប័ណ្ណសរសើរ គ្រឿងឥស្សរិយយស ការផ្ដល់តួនាទី និងមធ្យោបាយផ្សេងៗ ក្នុងនោះត្រូវផ្ដល់អាទិភាពដល់ស្រ្ដីក្នុងការផ្ដល់តួនាទីជាថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ។

– ត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ មិនប្រកាន់បក្ខពួក មានតម្លាភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងអង្គភាព។

– ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ត្រូវផ្លាស់ប្ដូរឥរិយាបថ ផ្នត់គំនិត របៀបរបបក្នុងការបំពេញការងារ ជាពិសេស ត្រូវខិតខំអភិវឌ្ឍសមត្ថភាពខ្លួនតាមជំនាញ និងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល ដើម្បីធានាការអនុវត្តការងារមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងនិន្នាការនៃការវិវត្ដសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

– បន្ដជំរុញការងារផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដល់សាធារណជនទូទៅ តាំងពីដើមអាណត្តិរហូតទៅ។

– ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នាយកដ្ឋានជំនាញ និងមន្ទីរក្រោមឱ្យវាទ ត្រូវយកចិត្តទុកដាក់ និងខិតខំអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួងនេះ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

កិច្ចប្រជុំ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ