ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”

ចែលរំលែក

ខេត្តឧត្ដរមានជ័យ – ព្រះវិហារ ៖ នាថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដែលមានមន្រ្ដីចូលរួមសរុបចំនួន ៤០នាក់ ស្រីចំនួន ៧នាក់។ អញ្ជើញចូលរួមក្នុពិធីសំណេះសំណាល មាន ឯកឧត្ដម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ លោក  គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ២ រួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រឡាញ់ នឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរទាំងអស់ និងបានសម្ដែងនូវអបអរសាទរចំពោះសមិទ្ធផលថ្មីៗនៅក្នុងខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ និងបានកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់មន្ទីរទទួលបានលទ្ធផលគួរជាទីមោទក។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មី  បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ ដើម្បីចូលរួមចំណែកដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

ឯកឧត្ដរដ្ឋមន្រ្ដីបានបន្តថា ផ្លូវជនបទប្រមាណ ៥ម៉ឺន គីឡូម៉ែត្រ ហើយរាជរដ្ឋាភិបាលក៏ដួចជាក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងលើកកម្រិតជាបន្តបន្ទាប់ឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងបេតុង និងជម្រុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ។

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងគ្រោងនឹងបន្ថែម ឬដំឡើងមន្រ្ដីរាជការជាស្រ្ដី ឱ្យឡើងតួនាទីជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីសមភាពយេឌ័រ។ ឆ្លើយតបទៅនឹងការស្នើសុំផ្លូវ និងប្រទ្បាយជើងក្អែមរបស់ឯកឧត្ដមអភិបាលខេត្តឧត្ដរមានជ័យ  ឯកឧត្ដមរដ្ឋមន្រ្ដី បានទទួលយក ។ ជាមួយនេះឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ២ ដូចខាងក្រោម៖

១- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០

២- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្ដីបម្រើប្រជាពលរដ្ឋ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង

៣-  មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

៤-  មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយ និងបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរដើម្បីទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទពីដើមអាណត្តិឱ្យបានកាន់តែទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម

៥-ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

៦-  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

ក្នុងពិធីនេះដែរ ក៏មានមតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តទាំងពីរទាក់ទងទៅនឹងវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសគឺផ្លូវជនបទ ប្រព័ន្ធស្រោចស្រពខ្នាតតូច(ប្រឡាយជើងក្អែប) ការផ្គត់ផ្គង់ទឹកស្អាត និងការអភិវឌ្ឍភូមិគំរូជាដើម ។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំង ២ខេត្តខាងលើនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត។

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទមួយខ្សែមានប្រវែង ៣២,៦គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ទៅកាន់ទីរួមស្រុកជ័យសែន ខេត្តព្រះវិហារ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ