ផ្លូវជនបទប្រវែង ១២,៤០ គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលកំពុងសាងសង់ នឹងបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍បានកាន់តែងាយស្រួល នៅក្នុងមូលដ្ឋានស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការងារសាងសង់ផ្លូវបេតុងសរសៃដែក និងក្រាលកៅស៊ូពីរជាន់ (DBST) ចំនួនមួយខ្សែ ក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

 

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ៖ ផ្លូវដែលត្រូវបានកំពុងសាងសង់នេះមានប្រវែង ១២,៤០ គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នឹងបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍បានកាន់តែងាយស្រួល។  ផ្លូវមួយខ្សែនេះ ពីមុនជាផ្លូវក្រាលក្រួសក្រហម ពេលដល់រដូវវស្សា ពិបាកក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរទៅមក  និងក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ ដើម្បីទៅលក់នូវទីផ្សារពុំមានសុវត្ថិភាពនោះឡើយ។

 

នាឱកាសនោះ លោក តាន់ វាសនា បានថ្លែងថា ផ្លូវនេះអាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ ព្រោះវាមានការតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងពីស្រុកមួយទៅស្រុកមួយទៀត ដើម្បីងាយស្រួលក្នុងការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើង ទាំងសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។ ហើយលោកប្រធានមន្ទីរស្តីទី បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ឱ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ មានគុណភាព មានលក្ខណៈស្តង់ដាខ្ពស់ ហើយបង្កើនការជំរុញ អនុវត្តឱ្យបានឆាប់ចប់ទៅតាមគោលផែនការដែលបានគ្រោងទុក។

 

ជាមួយគ្នានោះប្រជាពលរដ្ឋបានសម្តែងនូវក្តីសាទរសប្បាយរីករាយនៅពេលបានផ្លូវបេតុង ងាយស្រួលដល់ពួកគាត់ធ្វើដំណើរប្រកបរបរកស៊ី មិនភ័យព្រួយនៅរដូវវស្សា មានទឹកដក់ និងរអិលទៀតទេ។ ជាក់ស្តែងពួកគាត់ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ បានស្ថាបនាផ្លូវជាច្រើមខ្សែ ច្រើនគីឡូម៉ែត្រសម្រាប់ប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល តាមទីជនបទ ដែលបានកែប្រែពីផ្លូវដី ទៅជាក្រួសក្រហម បេតុង និងក្រាលកៅស៊ូពីរជាន់ (DBST) ជាដើម៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ