ឯកឧត្ដម ឈឹម សៅគី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ”

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៥៤២នាក់ ដែលបានចូលរួម និងបញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” ប្រកបដោយជោគជ័យ។

 

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាឱកាសនោះ ក៏មានការអញ្ជើញជាកិត្ដិយសពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក អគ្គនាយករង លោកជំទាវអគ្គាធិការស្តីទី ព្រមទាំងលោក លោកស្រី អនុប្រធាននាយកដ្ឋាន អធិការរង អនុប្រធានមន្ទីរ និងមន្រ្តីរាជការ ដែលជាសិក្ខាកាមទាំងអស់ផងដែរ។

 

ក្នុងឱកាសនោះ ឯកឧត្ដម ឈឹម សៅគី បានសម្ដែងការអបអរសាទរ ប្រកបដោយមនោសញ្ចេតនា ចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះប្រកបដោយ ជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ។

 

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានផ្ដាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំអភិវឌ្ឍសមត្ថភាព តាមរយៈ ការព្យាយាមរៀនសូត្រ ការអានសៀវភៅ ស្វែងរករៀនជំនាញបន្ថែម រៀនសូត្រពីមិត្តរួមការងារដែលមានចំណេះដឹងល្អៗ រៀនសូត្រពីការងារប្រចាំថ្ងៃ ដែលជាការបំពេញបន្ថែមនូវគុណវុឌ្ឍិ និងគុណតម្លៃ របស់ខ្លួនក្នុងនាមជាមន្ដ្រីរាជការ ដើម្បីកែទម្រង់ឱ្យការងាររបស់អង្គភាពកាន់តែល្អ និងកាន់តែមានប្រសិទ្ធភាព។

 

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបន្ដផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅដឹកនាំអនុវត្តការងារនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ជាពិសេសត្រូវពង្រឹង និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមរយៈការងារដឹកនាំជាសមូហភាព ការគោរពវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុង។

 

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ