ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល។

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសម្របសម្រួលការងារជាមួយអង្គការមិនមែនរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំនិងមន្រ្តីនាយកដ្ឋាន មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ (តាមរយៈZoom) និងលោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីនៃអង្គការមិនមែនរដ្ឋាភិបាល ចំនួន៥៥រូប។

 

កិច្ចប្រជុំនេះមានគោលបំណងចម្បង០៣ រួមមាន៖

១. បូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅបន្តសម្រាប់ការងារអង្គការមិនមែនរដ្ឋាភិបាល

២. ផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ២០២៤-២០២៨ និងបែបបទនិងនីតិវិធីនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល

៣. បង្កើនកិច្ចសហប្រតិបតិ្តការជាមួយអង្គការមិនមែនរដ្ឋាភិបាល

 

ក្រៅពីការរៀបចំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឯកឧត្ដមប្រធានអង្គប្រជុំ ក៏បានអនុញ្ញាតឱ្យ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: ធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ២០២៤-២០២៨ រួចក៏បានអនុញ្ញាតឱ្យលោក វ៉ន ព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋាន ផ្សព្វផ្សាយនូវ បែបបទនិងនីតិវិធីនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដែលមាន សេចក្តីណែនាំស្តីពី “លក្ខខណ្ឌតម្រូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការមិនមែនរដ្ឋាភិបាល” និងទម្រង់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

 

ក្រោយពីមានកិច្ចពិភាក្សាយ៉ាងផុលផុស ឯកឧត្ដមរដ្ឋលេខាធិការ ជាប្រធានអង្គប្រជុំ បានផ្ដល់ជាអនុសាសន៍ណែនាំដូចខាងក្រោម៖

១. ស្នើឱ្យបណ្តាអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ បន្តចូលរួមសហការជាមួយនាយកដ្ឋានជំនាញ ជាពិសេសដើម្បីរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យនីមួយៗឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។

២. ស្នើឱ្យនាយកដ្ឋានជំនាញ បន្តសហការជាមួយ អង្គការមិនមែនរដ្ឋាភិបាលដើម្បីតម្រង់ទិស សម្រាប់កសាងផែនការផ្តោតលើតំបន់ដែលមានអត្រាទឹកស្អាត និងអនាម័យទាប និងពិចារណាកាត់បន្ថែម សកម្មភាពសម្រាប់តំបន់ដែលមានអត្រាទាប

៣. ស្នើឱ្យអង្គការមិនមែនរដ្ឋាភិបាល ដែលផុតសពុលភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្រ្តីជំនាញ ត្រៀមរៀបចំឯកសារបន្តកិច្ចព្រមព្រៀង ស្របតាមសេចក្តីណែនាំទើបផ្សព្វផ្សាយរួច នេះ។

កិច្ចប្រជុំនេះបានបិទបញ្ចប់ដោយទទួលលទ្ធផលផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់ និងប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ