ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងអធិការកិច្ច

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបប្រជុំជាមួយគណៈប្រតិភូនៃក្រសួងអធិការកិច្ច ដឹកនាំដោយ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច ។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម រដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក លោកជំទាវ អគ្គាធិការស្តីទី ឯកឧត្តម លោក លោកស្រី ប្រធានគ្រប់នាយកដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ ប្រធានគ្រប់កងវិស្វកម្មដែលអនុវត្តគម្រោងជាមួយក្រសួងអភិវឌ្ឍន៍ជនបទសរុប ៥៧នាក់។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានសម្ដែងការស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ និងបានជម្រាបជូនពីគោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ ស័ក្ដិសិទ្ធភាពរបស់ក្រសួង ស្ថាប័ន ជាពិសេសអង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ លើ៖ (១)ការអនុវត្តតួនាទី ភារកិច្ច (២)ការសាងសង់ ជួសជុល ថែទាំ ផ្លូវជាលក្ខណ:ខួប ប្រចាំ បន្ទាន់ (៣)ការជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (៤)ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រកសិករ ក្នុងការិយបរិច្ឆេទ ឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ។

 

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនប្រតិភូផងដែរ ពីកម្មវិធីអាទិភាពចំនួន៤ ក្រោមចក្ខុវិស័យ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកប ដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” រួមមាន៖  ១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ២. កែលម្អល័ក្ខខ័ណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

ក្នុឱកាសនៅដែរ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ បានសំណូមពរជូនទៅក្រសួងអធិការកិច្ចជួយផ្ដល់ឯកសារច្បាប់ លិខិតគតិយុត្តនានាពាក់ព័ន្ធនឹងការងារអធិការកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសិក្សាស្វែងយល់បន្ថែម និងរៀបចំវគ្គបណ្ដុះបណ្ដាលលើការងារអធិការកិច្ចឱ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ