ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចែលរំលែក

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្ដ្រីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នៅស្រុកទឹកផុស ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យស្ថានភាពអណ្តូងស្នប់ទឹកចំនួន២កន្លែង និងស្រះទឹកសហគមន៍មួយកន្លែងដែលរីងស្ងួតស្ថិតក្នុងឃុំក្រាំងស្គា និងស្រះទឹកសហគមន៍មួយកន្លែងទៀតដែលគោករាក់ ស្ថិតក្នុងឃុំក្តុលសែនជ័យ ។  បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី បន្ដចុះពិនិត្យ ស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់សហគមន៍ដែលរួមមាន អណ្ដូងលូ អណ្ដូងស្នប់ និងពាងយក្សស្តុកទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលរស់ក្នុងភូមិសាស្ដ្រឃុំចំនួន ៤ ទៀត គឺឃុំខ្នាឆ្មារ ឃុំសេដ្ឋី ឃុំស្វាយ និងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។

ឯកឧត្តម ឆាយ ឫទ្ធិសែន មានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាពនៃប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នាពេលនេះ គឺដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ក៏ដូចនៅក្នុងប្រទេសកម្ពុជានាឆ្នាំនេះ ដែលអាកាសធាតុខែប្រាំងនេះមានការកើនកម្តៅ ដែលជាការព្រួយបារម្ភអំពីជួបប្រទះនូវភាពរាំងស្ងួតខ្លាំង អាចធ្វើឱ្យប្រជាពលរដ្ឋនៅជនបទខ្វះខាតទឹកសម្រាប់ប្រើប្រាស់។ នាឱកាសចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងក្នុងពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រគល់ជូនធុងស្តុកទឹកចំនួន ៧៨ធុង ជូនដល់ប្រជាពលរដ្ឋដែលរស់នៅឆ្ងាយដាច់ស្រយាលពីប្រភពទឹក ទុកសម្រាប់ប្រើប្រាស់បណ្តោះអាសន្នផងដែរ។

សូមបញ្ជាក់ផងដែរថា៖ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ