ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការផ្ដល់ធាតុចូលសម្រាប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការផ្ដល់ធាតុចូលសម្រាប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ និងក្រុមអ្នកជំនាញរៀបចំគោលនយោបាយ នៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។

ក្នុងឱកាសនោះ លោកបណ្ឌិត ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងសហការី បានផ្ដល់ធាតុចូលយ៉ាងច្រើន ប្រកបដោយយុទ្ធសាស្ដ្រ ដើម្បីសម្រេចបានការអភិវឌ្ឍជនបទគ្រប់ជ្រុងជ្រោយ ដោយមានការគិតគូរជាលក្ខណៈពហុវិស័យ និងគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងមានការចែករំលែកលទ្ធផលសិក្សាអំពីបទពិសោធន៍ជោគជ័យនៃការអភិវឌ្ឍជនបទរបស់ប្រទេសមួយចំនួនក្នុងតំបន់។

ជាមួយគ្នានោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៥ នៅក្នុងឆ្នាំ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទនេះ មានគោលបំណងធានាការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង ដើម្បីប្រែក្លាយជាជនបទស៊ីវិល័យនៅឆ្នាំ២០៣០ និងក្លាយជាជនបទពុទ្ធិនៅឆ្នាំ២០៥០ ឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និង ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងអាណត្តិទី៧នេះ បន្តការយកចិត្តទុកដាក់លើកំណែទម្រង់ និងការអភិវឌ្ឍជនបទ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០% តាមរយៈយុទ្ធសាស្ត្រចំនួន៤ គឺ ១.ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយផ្តោតលើការពង្រឹងគុណភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, ២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងការអប់រំការផ្លាស់ប្ដូរឥរិយាបថ ដើម្បីលើកកម្ពស់អនាម័យ, ៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយជំរុញការអភិវឌ្ឍភូមិគំរូ និងសហគមន៍ជនជាតិដើមភាគតិច និង ៤.ការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពរបស់អង្គភាព។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងភាគីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានផ្តល់ជាធាតុចូលដែលមានសារសំខាន់ជាច្រើនក្នុងដំណើរការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទនាពេលនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ