លោកជំទាវ លីម មុយឡេង និងក្រុមការងារផ្គត់ផ្គង់ទឹកស្អាត អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹករបស់ប្រជាពលរដ្ឋ

ចែលរំលែក

ខេត្តកណ្ដាល៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ, លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដោយមានការចូលរួមពី លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពអណ្ដូងទឹក, ស្រះទឹក, ទីតាំងបូមទឹក និងស្ថានីយផលិតទឹកស្អាត ប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅក្នុងភូមិមួយចំនួន នៃឃុំជ្រៃលាស់ ស្រុកពញាឮ និងឃុំសំបួរមាស និងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

 

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ធុងស្តុកទឹកចំណុះ ១០០០លីត្រ ចំនួន ២ធុង, ប៊ីដុងទឹកចំណុះ ២០លីត្រចំនួន ៣០ប៊ីដុង, និងជួសជុលអណ្ដូងទឹកចំនួន ២អណ្ដូង នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ព្រមទាំងបានផ្ដល់អណ្ដូងទឹកចំនួន ២អណ្ដូង ជូនប្រជាពលរដ្ឋនៅក្នុងភូមិស្លែង និងវត្តពពែក្រោម និងជួសជុលអណ្ដូងស្នប់ចំនួន ១អណ្ដូង ដើម្បីជួយដោះស្រាយការប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើផងដែរ។

 

ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរ ក៏បានផ្ដល់ជូនពាងទឹកចំនួន ២ពាង ជូនគ្រួសារក្រីក្រ ១គ្រួសារ នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ