ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយអនុសាសន៍ ១៣ចំណុច របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី

ចែលរំលែក

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤

និងផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបរួម ៥០៩ នាក់ ។

 

ជាកិច្ចចាប់ផ្តេីម ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៤ ដោយផ្ដោតសំខាន់ទៅលើការអនុវត្តកម្មវិធីអាទិភាពទាំង ៤ និងអនុកម្មវិធីនីមួយៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអង្គប្រជុំ ព្រមទាំងបានផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម៖

 

-នាយកដ្ឋានផ្លូវលំជនបទត្រូវស្រាវជ្រាវបច្ចេកវិទ្យាថ្មីដើម្បីសិក្សាផ្លូវដែលធននឹងការប្រែប្រួលអាកាសធាតុ

-ត្រូវបង្កើតក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងវាយតម្លៃផ្លូវដែលងាយរងគ្រោះ

-មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត ត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទទាំងបីប្រភេទ រួមមានផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវល្បាយក្រួស

-ត្រូវពង្រឹងមន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំបទដ្ឋានដើម្បីចុះបញ្ជីមន្ទីរពិសោធន៍ជាផ្លូវការ

-គណៈកម្មការវាយតម្លៃផ្លូវជនបទ ដែលទទួលបានឯកសណ្ឋាន ត្រូវចូលរួមស្បថឱ្យបានឆាប់តាមនីតិវិធីច្បាប់ដើម្បីបំពេញជាមន្រ្ដីយុត្តិធម៌

-ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកគម្រោងថវិកាថែទាំ និងជួសជុលផ្លូវឱ្យមានគុណភាពខ្ពស់ធានាការប្រើប្រាស់គ្រប់រដូវកាល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០%

-មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្តត្រូវរៀបចំធ្វើបញ្ជីផ្លូវដែលត្រូវជួសជុល បន្ទាន់ ថែទាំខួប និងថែទាំប្រចាំរួចផ្ញើមកក្រសួង ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ និងផែនការឆ្នាំបន្តបន្ទាប់

-មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្តត្រូវរៀបចំបញ្ជីផ្លូវជនបទទាំង ៤ ប្រភេទ ទាក់ទិនទៅនឹងចំណីផ្លូវជនបទ

-បង្កើតក្រុមការងារចំពោះកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទី ព្រមទាំងបញ្ជីសារពើផ្លូវជនបទ

-បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីត្រួតពិនិត្យការដឹកលើសទម្ងន់កម្រិតកំណត់ លើផ្លូវជនបទ និងធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការផាកពិន័យការដឹកជញ្ជូនលើសទម្ងន់កំណត់លើផ្លូវជនបទ

-បង្កើតក្រុមការងារចំពោះកិច្ចដើម្បីសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ រៀបចំអនុស្សរណៈយោគយល់គ្នា ឬប្រកាសរួមអន្តរក្រសួង និង ជាមួយស្ថាប័នពាក់ព័ន្ធពីដែនសមត្ថកិច្ច ជៀសវាងជាន់គ្នា

-ពិនិត្យទិន្នន័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០%នៅឆ្នាំ២០៣០ ។ ក្នុងឆ្នាំ២០២៤នេះក្រសួងនឹងសម្រេចឱ្យបានខេត្តចំនួន ១១ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

-ត្រូវបន្តផ្តល់ជូននូវសម្ភារបរិក្ខាបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋ តាមយន្តការមានស្រាប់

-សូមឱ្យថ្នាក់ដឹកនាំ និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ រៀបចំសិក្ខាសាលាស្តីពីភូមិគំរូ ទាំង ៣០ និងបុរីជនបទគំរូ

-ត្រូវរៀបចំអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នពាក់ព័ន្ធ ទៅនឹងភូមិគំរូ និងបុរីជនបទ

-ត្រូវរៀបចំសេចក្តីព្រាងវិសោធនកម្មអនុក្រឹត្យទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

-ត្រូវបញ្ចប់គោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទ ក្នុងដំណាច់ឆ្នាំ ២០២៤ នេះ

-ត្រូវរៀបចំសិក្ខាសាលាដើម្បីកៀរគរធនធាន ស្តីពីឥណទានជនបទ

ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុកតាមមន្ទីរអភិវឌ្ឍន៍ជនបទរាធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងធ្វើការផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទាំង ១៣ ចំណុចផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ