ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង បានអញ្ជើញចុះទៅពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង ៤ ៣២០ ម៉ែត្រ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅភូមិទួលឃ្លាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ចែលរំលែក

ខេត្តកំពង់ចាម និងខេត្តព្រៃវែង ៖ នាថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង ៤ ៣២០ ម៉ែត្រ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅភូមិទួលឃ្លាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះបានទទួលរងការខូចខាតដោយសារបាក់ច្រាំងទន្លេប្រវែង ១២០ ម៉ែត្រ ។ ដើម្បីការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវវាងថ្មីមួយទៀត ដែលមានប្រវែង ១ ៥០០ ម៉ែត្រ ដើម្បីជំនួសខ្សែផ្លូវដែលរងការខូចខាតនេះ ។

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាស្ពានចំនួន ៣ កន្លែងដូចខាងក្រោមនេះ ៖

– ស្ពានទី ១ ( ស្ពានអណ្តូងប្រេង) ស្ថិតលើផ្លូវ TK1 មានប្រវែង ៣៨,១២ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នៅក្នុងភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយសម្រេចបាន ៨៥% ។

– ស្ពានទី២ (ស្ពានព្រែកសណ្ដាយ) ស្ថិតលើផ្លូវ TK1 មានប្រវែង ៣០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នៅក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៦%។

– ស្ពានទី៣ ( ស្ពានអុងជឺ) ស្ថិតលើផ្លូវ TK2 មានប្រវែង ៧២,១៥ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នៅក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្រេចបាន ៨៤% ។

ស្ពានទាំង ៣ កន្លែងនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ហើយគ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់នៅមុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ គម្រោងស្ថាបនានេះស្ថិតក្នុងក្របខណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជេីញបន្តដំណេីរទៅត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ ស្ថិតក្នុងខេត្តព្រៃវែង​ ដែលមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង និងប្រតិភូ។ ខ្សែផ្លូវទាំង ២ខ្សែនោះរួមមាន ៖

ខ្សែផ្លូវទី១ ៖ (ភូមិក្ដឿងរាយ ទៅសាលាស្រុកកញ្រ្ជៀច) មានប្រវែង ៧,២៥ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង លាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺ ឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀចស្ថិតក្នុងស្រុកកញ្រ្ជៀច ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-III) ត្រង់ចំណុចភូមិក្ដឿងរាយ ស្ថិតក្នុងឃុំក្ដឿងរាយ ភ្ជាប់ទៅនឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 387A ត្រង់ភូមិប្រស្រែមុខ ស្ថិតក្នុងឃុំកញ្រ្ជៀច (ទីរួមស្រុកកញ្រ្ជៀច)។ ផ្លូវនេះនឹងត្រូវស្ថាបនាជាផ្លូវក្រាលបេតុងកម្រាស់២០ សង់ទីម៉ែត្រ ដែលមានទទឹងខ្នងលើ ៨ ម៉ែត្រ (ទទឹងផ្ទៃរងចរាចរណ៍ ៦ ម៉ែត្រ និងចិញ្ចើមផ្លូវ ១ ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។

ខ្សែផ្លូវទី២ ៖ (ពីភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ) មានប្រវែង ១០,៤៣ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។  ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវកម្រាលបេតុងកម្រាស់ ១៥ សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៧ ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ ម៉ែត្រ និងចិញ្ចើមផ្លូវ ០,៥ ម៉ែត្រ សងខាងជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អ៊ិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture) បច្ចុប្បន្នដំណើរការស្ថាបនាសម្រេចបានប្រមាណ ៩០% ។

ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺ ឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់(DBST) ផ្លូវលេខ៣១១១ ត្រង់ចំណុចទីរួមស្រុកស៊ីធរកណ្ដាល ភ្ជាប់ទៅផ្លូវបេតុងស្របនឹងមាត់ទន្លេតូច ស្ថិតក្នុងឃុំល្វេ និងភ្ជាប់ជាមួយផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ឆ្ពោះទៅកាន់ទីរួមស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន នៃខេត្តកំពង់ចាម ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ