ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៩២ រូប ដែលបានចូលរួម និងបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។

 

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងប្រគល់លិខិតថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំង ៣រូប រួមមាន ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដែលបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញក្នុងរយៈពេលពេញមួយថ្ងៃ និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។

 

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញថាមន្ដ្រីរាជការទាំងអស់ មានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម ហើយវគ្គបណ្ដុះបណ្ដាលនេះពិតជាបានចូលរួមចំណែកផ្ដល់ពុទ្ធិថ្មីៗបន្ថែមទៀតលើការប្រតិបត្តិការងារ សំដៅបង្កើនប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវនៅក្នុងអង្គភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល នាថ្ងៃនេះនូវចំណុច ដូចតទៅ៖

 

– ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅដឹកនាំអនុវត្តការងារនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ស័ក្ដិសមជាមន្ដ្រីរាជការដែលមានគុណវុឌ្ឍិ និងគុណតម្លៃ

 

– ត្រូវចូលរួមសហការជាមួយបណ្ដានាយកដ្ឋាន បណ្ដាមន្ទីរ និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែល្អប្រសើរ ជាពិសេសបន្ដបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

 

– ពង្រឹង និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមរយៈការងារដឹកនាំជាសមូហភាព និងការបង្កើនការយកចិត្តទុកដាក់ដល់មន្ដ្រី ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសពង្រឹងវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុង។

 

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ