ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមរដ្ឋអនុលេខាធិការ ឯកឧត្តមអគ្គនាយក និងសិក្ខាកាមដែលជា ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ និងប្រធានការិយាល័យ ក្រោមឱវាទទីស្ដីការក្រសួង សរុបចំនួន ៧៥រូប ស្ដ្រី ៩រូប។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ និងពង្រឹងពុទ្ធិបន្ថែមទៀតលើការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបទក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ដែលនេះគឺជាការជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ឆ្លៀតក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលសម្រេចបានលទ្ធផលយ៉ាងច្រើនឥតគណនាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបន្ដសមិទ្ធផលដែលមានស្រាប់ បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ – ២០២៨ ឱ្យទទួលបានជោគជ័យដោយផ្ដោតលើការកាត់បន្ថយវិសមភាពសង្គម និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើឱ្យសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ