Month: ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ៩:៤៧ ព្រឹក
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម Christian Bergerឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តជួយគាំទ្រដល់ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជំហានទី ៧បន្តទៀត។
ឯកឧត្ដម Christian Berger បានបន្តថា បំណងរបស់លោកគឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្ដម Christian Berger និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំនិងមន្រ្ដីអនុវត្តគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបាន ជម្រាបជូន ឯកអគ្គរដ្ឋទូតអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ លើកកំរិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដោយផ្អែកទៅលើកម្មវិធីជាយុទ្ធសាស្រ្ដទាំង ៤ រួមមាន៖ ទី១. ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស , ទី២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍ , ទី៣. ការកែលម្អលក្ខខណ្ឌរស់នៅ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ជនបទ និងទី៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។
ឯកឧត្ដមបណ្ឌិត រដ្ឋមន្រ្ដី បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបានជួយគាំទ្រឲ្យមានមុខរបរបន្ថែមក្រៅពីការបង្កបង្កើនផលស្រូវ។ ជាមួយនេះបានស្នើសុំឲ្យភាគីអាល្លឺម៉ង់ជួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេសដល់មន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះថាក្រសួងមានកម្មវិធីអភិវឌ្ឍជនបទបែបចម្រុះ គ្រប់វិស័យ ។ ឯកឧត្ដមបានបន្តថា រដ្ឋាភិបាលអាល្លឺម៉ង់បានជួយដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គការ GTZ និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KFW ក្នុងកម្មវិធីស្ដារហេដ្ឋារចនាសម្ព័ន្ធ ហៅកាត់ថា RIP ដែលមកដល់ពេលនេះបានអនុវត្តជំហានទី៦ ហើយត្រូវបញ្ចប់នៅបំណាច់ខែមីនា ខាងមុខនេះ ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានបន្តទៀតថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តជួយគាំទ្រដល់ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ជំហានទី ៧ បន្តទៀត ។ ចំពោះមន្ទីរពិសោធន៍ ឯកឧត្ដមទទួលយកសំណើនេះដើម្បីពិចារណាផងដែរ ៕
(អត្ថបទ ជា វិសែស )
Request for Expressions of Interest (REOI) National Financial Management Consultant
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ទទួលជួបនាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា (SNV)
លោក Rens Verstappen នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា(SNV) បានសម្ដែងការអបអរសាទរចំពោះ ការរីកចម្រើនលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក Rens Verstappen នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា(SNV) បានសម្ដែងការអបអរសាទរចំពោះ ការរីកចម្រើនវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា និងសមិទ្ធផលជាច្រើនទៀតដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាន។
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍លោក Rens Verstappen នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា និងសហការីដែលបានមកសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងថ្លែងអំណរគុណដល់អង្គការនេះ ដែលកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបាន សហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យផ្គត់ផ្គង់ទឹកស្អាត រស់នៅស្អាត និងអនាម័យជនបទ ហើយជាដៃគូរដ៏សំខាន់រួមចំណែកអភិវឌ្ឍវិស័យនេះ នៅក្នុងខេត្តគោលដៅនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺខេត្តកែប កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង និងស្វាយរៀងនៅឆ្នាំ២០២៣។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានបញ្ជាក់ថា សកម្មភាពរបស់អង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជាស្របទៅនិងផែនការសកម្មភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចនេះត្រូវរួមគ្នាដើម្បីជម្រុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺចង់ឲ្យប្រជាពលរដ្ឋនៅជនបទ ៩០% មានទឹកស្អាត និងមានបង្គន់អនាម័យប្រើប្រាស់តាមខ្នងផ្ទះនៅឆ្នាំ ២០២៣ ដោយសហប្រតិបត្តិការជាមួយ ដៃគូរ អាជ្ញាធរថ្នាក់ក្រោមជាតិខិតខំជម្រុញវិស័យនេះ។
លោក Rens Verstappen នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី និងសហការី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយនិងអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា នាពេលកន្លងមក ។ លោកបន្តថា អង្គការរបស់លោកបានធ្វើសកម្មភាពជាច្រើនទាក់ទិនទៅនិង លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈគម្រោងមួយឈ្មោះថាគម្រោង ” អនាម័យសម្រាប់ទាំងអស់គ្នា ” ដែលគម្រោងនេះមានគោលបំណងចង់ឲ្យស្រុកគោលដៅក្លាយទៅជាស្រុកដែលប្រជាពលរដ្ឋបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ។ លោកបានបន្តថា៖អង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជាធ្វើសកម្មភាពអភិវឌ្ឍចម្រុះ ហើយពេលថ្មីៗនេះបានធ្វើឲ្យស្រុកបន្ទាយមាសខេត្តកំពត ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ពោលគឺប្រជាពលរដ្ឋនៅទូទាំងស្រុកមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ។
ជាមួយក្នានេះ លោក Rens Verstappen បានគោរពអញ្ជើញ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី ផ្ដល់កិត្តិយសក្នុងពិធីប្រកាសស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ និងស្រុកជុំគីរីខេត្តកំពងជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលជាផ្លូវការ ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី ០៥ ខែមីនា ខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលយកសំណើនេះគឺនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែកសម្រាប់កម្មវិធីប្រកាសនៅស្រុកជុំគីរី ខេត្តកំពត ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីនឹងចាត់តំណាងឲ្យទៅចូលរួម ។
គួររំលឹកថា៖ គិតមកដល់ដើមខែកុម្ភៈ ឆ្នាំ ២០២០ នេះប្រជាពលរដ្ឋដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺមាន ស្រុករំដួង ខេត្តស្វាយរៀង ស្រុកបន្ទាយមាសនិង ស្រុកជុំគីរី ខេត្តកំពត និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
(អត្ថបទ ជា វិសែស)
Loan 3678-CAM (COL) & Grant 0581-CAM (SF), Rural Roads Improvement Project III
របាយការណ៍បូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧៥ ឈានចូល ៧៦ឆ្នាំ
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧៥ ឈានចូល ៧៦ ឆ្នាំ។