Month: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ៤:២០ ល្ងាច
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
របាយការណ៍វឌ្ឍនភាពការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
របាយការណ៍វឌ្ឍនភាពការងារប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០១៩ របស់នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
នៅរសៀលថ្ងៃពុធ ១០ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងអាជ្ញាធរដែនដីរាជធានី-ខេត្ត សរុបជាង ៩០០ នាក់ ។
នៅក្នុងពិធីបិទសន្និបាតនេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការបូកសរុបលទ្ធផលសន្និបាត ដោយបានលើកឡើងថា អង្គសន្និបាត បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមគ្គុទេសក៍ភាពដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងទទួលបាននូវសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងរក្សាបានទាំងស្រុងនូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ ស្ថិតក្នុងបរិយាកាសសុខដុមនៃសង្គមជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយជោគជ័យ និងទទួលបានអបអរសាទរ និងវាយតម្លៃខ្ពស់ពីអង្គសន្និបាតមានជាអាទិ៍៖ អភិបាលកិច្ចល្អ ការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាប្រចាំឆ្នាំ ការប្រើប្រាស់ជំនួយហិរញ្ញប្បទានសហប្រតិបត្តិការលើវិស័យអភិវឌ្ឍជនបទ ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសុន្ទរកថាបិទសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលបានធ្វើសហប្រតិបត្តិការគ្នាយ៉ាងល្អប្រសើរ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សម្រេចបាននូវស្នាដៃធំៗជាច្រើនក្នុងឆ្នាំ ២០១៨ និងបានសម្តែងគាំទ្រដល់ការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ ២០១៩ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងពេលកន្លងមកនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗជាច្រើន លើគ្រប់វិស័យក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន តាមរយៈការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដែលជាពិសេស ធានាបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ ការអភិវឌ្ឍ និងអធិបតេយ្យជាតិ ដែលជាកុសលនៃគោលនយោបាយ “ឈ្នះ ឈ្នះ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តសម្រេចបានកំណើនខ្ពស់ ហើយផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗបានកើនជាបន្តបន្ទាប់ ហើយអត្រានៃភាពក្រីក្រក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៍បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៦ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើង និងធានាដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទៅ តាមរយៈការអនុវត្តគោលនយោបាយ និងវិធានការជាក់ស្តែងនានាឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅបង្កើនចំណូលរបស់ប្រជាជន លើកស្ទួយខាងសង្គមកិច្ច ពង្រឹងយុត្តិធម៌ សមធម៌សង្គម ព្រមទាំងផ្តល់នូវសេវាសាធារណៈឲ្យបានកាន់តែល្អប្រសើរ ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ កំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់សមត្ថភាព ការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចជនបទ គឺសុទ្ធតែបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយរាជរដ្ឋាភិបាល ឲ្យសម្រេចបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ជាក់ស្តែងគឺបានជួយកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាត់បន្ថយជាបណ្តើរៗ នូវភាពខុសគ្នារវាងទីក្រុង និងជនបទ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ក្រសួងអភិវឌ្ឍន៍ជនបទបន្តសហការណ៍ជាមួយក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដើម្បីខិតខំអនុវត្ត ១. បន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ ២. បន្តផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យស្របតាមផែនការ ៣.បន្តអភិវឌ្ឍន៍សហគមន៍ និងសេដ្ឋកិច្ចជនបទ ៤. បន្តកែទម្រង់រដ្ឋបាល និងលើកកម្ពស់មន្ត្រីរាជការ និង ៥.បន្តអភិវឌ្ឍតំបន់ជនជាតិដើមភាគតិចឲ្យមានភាពល្អប្រសើរ
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រសិទ្ធពរ ជូនឯកឧត្តម លោកជំទាវ តំណាងស្ថានទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អស់លោក លោកស្រី នាងកញ្ញាទាំងអស់ និងបានប្រកាសបិទសន្និបាតជាផ្លូវការ ព្រមទាំងបានបំពាក់មេដាយការងារជូនមន្ត្រីរាជការក្រសួងផងដែរ ៕
សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
[vc_row][vc_column][vc_column_text]នៅព្រឹកថ្ងៃពុធ ១០ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងអាជ្ញាធរដែនដីរាជធានី-ខេត្ត សរុបជាង ៩០០ នាក់ ។
នៅក្នុងពិធីបើកសិន្និបាត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈអធិបតី និងអង្គសន្និបាតទាំងមូល និងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុវត្តយ៉ាងសកម្មនូវ “យុទ្ធសាស្រ្តចតុកោណ” ដំណាក់កាលទី ៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ របស់រាជរដ្ឋភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ។ ជាលទ្ធផល ការអភិវឌ្ឍសេដ្ឋកិច្ច មានសន្ទុះដ៏លឿន មានកំណើនខ្ពស់ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបានឆាប់រហ័សនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទឲ្យមានភាពប្រសើរឡើងជាលំដាប់ តាមរយៈការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេវាសាធារណៈ ការលើកកម្ពស់សុខភាព ការអប់រំ លក្ខខណ្ឌនៃការរស់នៅ ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនៅជនបទជាច្រើនទៀតប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរួមមានជាអាទិ៍៖ (១). បានយកចិត្តទុកដាក់ពង្រីកសកម្មភាពផ្គត់ផ្គង់ទឹក និងអនាម័យជនបទ (២). ធ្វើឲ្យប្រសើរឡើងនូវបណ្តាញផ្លូវជនបទគ្រប់ប្រភេទ (៣). ធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលស្រុកលើការងារ៖ ថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ, ការងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់សេវាអនាម័យជនបទ (៤). បង្កើនសន្តិសុខស្បៀងគ្រួសារ (៥). បានពង្រឹង និងពង្រីកការផ្តល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋជនបទ (៦). លើកស្ទួយសមភាពយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (៧). បណ្តុះបណ្តាលដល់មន្ត្រីរាជការនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត (៨). គាំទ្រការរៀបចំ និងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ ភូមិ (គ.អ.ភ) (៩). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន ។
ជាមួយសមិទ្ធផលសំខាន់ៗ ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ ២០១៨ ក្រសួងនឹងខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ បន្ទាប់ពីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ប្រកបដោយជោគជ័យ កាលពីខែកក្កដា ឆ្នាំ២០១៨ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ នៅក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងសម្រួចទិសដៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩ រួមមាន៖ (១) ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស (២) ការស្ថាបនា កសាង និងជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាសាធារណៈ (៣) ការលើកកម្ពស់សុខភាព ការអប់រំ និងលក្ខខណ្ឌនៃការរស់នៅ និង(៤) ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើសុំសមាជិក សមាជិកានៃអង្គសន្និបាត ឲ្យចូលរួមផ្តល់មតិក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈសន្និបាត ហើយចូលរួមគាំទ្រ និងអនុវត្តឲ្យបានសកម្មបន្តទៀតនូវគោលនយោបាយសំខាន់ៗលើវិស័យអភិវឌ្ឍន៍ជនបទ និងទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តនៅឆ្នាំ ២០១៩ ឲ្យទៅជាចលនារួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀតសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ និងបានប្រកាស់បើកសន្និបាតជាផ្លូវការ ៕
[/vc_column_text][/vc_column][/vc_row]