ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានចូលរួមកិច្ចប្រជុំការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ តាមរយៈកិច្ចប្រជុំពីចម្ងាយ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរ សរុបចំនួន ១៦រូប ស្ត្រី ០៥រូប ។

 

កិច្ចប្រជុំមានរបៀបវារៈចំនួន៣ គឺ

១- ពិនិត្យលើរបាយការណ៍របស់ការិយាល័យទាំង១០ របស់មន្ទីរ និង អង្គភាពអនុវត្តន៍គម្រោងទឹកស្អាត ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

២- ទិសដៅការងារខែមីនា

៣- បញ្ហាផ្សេងៗ

 

ជាកិច្ចចាប់ផ្តើម​ ឯកឧត្តមប្រធានអង្គប្រជុំ​ បានពាំនាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូនចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។ ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ការិយាល័យជំនាញរបស់មន្ទីរ​និងអង្គភាពអនុវត្តគម្រោងរួច​មក ឯកឧត្តមប្រធាន បានសំដែងនូវការកោតសរសើរចំពោះលទ្ធផលការងារ ដែលបានអនុវត្តកន្លងមកនេះ​ និងបានផ្តល់នូវអនុសាសន៍ល្អៗជាច្រើន​ សម្រាប់ជាទិសដៅក្នុងការអនុវត្តការងារបន្តឱ្យទទួលបានជោគជ័យ​បន្ថែមទៀតផងដែរ។​

Share your thoughts