![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 12 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញ ចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង
- ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨:១៩ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញ ចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង 2 photo 2024 02 15 17 02 15](https://www.mrd.gov.kh/wp-content/uploads/2024/02/photo_2024-02-15_17-02-15-1000x666.jpg)
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង។
ពិធីនេះត្រូវបានរៀបចំឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមជ្ឈមណ្ឌល បណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តព្រៃវែង ព្រមទាំងសិក្ខាកាម ដែលបញ្ចប់ការសិក្សាឆ្នាំ២០២៣ និងសិក្ខាកាមឆ្នាំ២០២៤ សរុបចំនួន៨១ នាក់ ស្រី២៦ នាក់ ។
សូមបញ្ជាក់ថា សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅពេលនេះ បានឆ្លងកាត់ការបណ្ដុះបណ្ដាល និងបានប្រឡងជាប់ជាស្ថាពរ លើជំនាញអ៊ុតសក់-កែសម្ផស្ស ចំនួន១៣ នាក់ ស្រី១០ នាក់ និងវគ្គកុំព្យូទ័ររដ្ឋបាល ចំនួន១៩ នាក់ ស្រី១៦ នាក់។ ដោយឡែកសិក្ខាកាមដែលបានចុះឈ្មោះចូលរៀនក្នុងឆ្នាំ២០២៤នេះ លើជំនាញ លើជំនាញអ៊ុតសក់-កែសម្ផស្ស និងវគ្គកុំព្យូទ័ររដ្ឋបាល សរុបចំនួន៣៥ នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ ពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់ សំណាក់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្ខាកាមទាំងអស់ដែលបាននឹងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ដព្រៃវែង។
ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៣ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបចូលសិក្សាវគ្គថ្មី ឆ្នាំ២០២៤ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាឱ្យបានទៀងទាត់ទាន់ ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រមទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត៕