ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងជួបសំណេះសំណាល និងស្វែងយល់ពីការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ដ្រចលនាភូមិថ្មី នៅក្នុងភូមិឫស្សីថ្មី ខេត្តតាកែវ

ចែលរំលែក
photo 2024 02 20 16 04 36

ខេត្តាកែវ ៖ នាថ្ងៃអង្គារ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អៀង ស៊ីថា រួមជាមួយលោក លីវ សំណាង ប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានជួបសំណេះសំណាល និងស្វែងយល់ពីការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ដ្រចលនាភូមិថ្មី នៅក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

ជាការកត់សម្គាល់ តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋក្នុងភូមិឫស្សីថ្មី បានសហការគ្នាអនុវត្តគម្រោងតូចៗជាច្រើន ដូចជា (ទី១). គម្រោងបង្កើនប្រាក់ចំណូល តាមរយៈការដាំបន្លែ, តម្បាញ, ចិញ្ជឹមត្រី និងការចិញ្ជឹមគោជាដើម (ទី២). គម្រោងមិនទទួលបានប្រាក់ចំណូលតារយៈ ការជួសជុលផ្លូវក្នុងភូមិ, ការដាក់លូរំដោះទឹក, និងការជីកស្រះស្តុកទឹក និង (ទី៣). គម្រោងពង្រឹងសមត្ថភាពសហគមន៍ តាមរយៈ ការរៀបចំ និងចូលរួមវគ្គបណ្តុះបណ្តាល ព្រមទាំងការចុះទស្សនកិច្ចសិក្សាដើម្បីផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍភូមិ។

 

បន្ទាប់មក នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៥៣នាក់។

 

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយលោក លីវ សំណាង រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាពេលកន្លងមក។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

 

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” អមដោយយុទ្ធសាស្រ្តអាទិភាពចំនួន ៤ ជាអាទិ៍ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (ទី២) កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (ទី៣) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ  បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរ ដូចខាងក្រោម៖

 

១. ត្រូវពង្រឹងការងារឥណទានជនបទ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

 

២. ត្រូវពង្រឹងការយកចិត្តទុកដាក់លើគុណភាព និងអនុលោមតាមបទដ្ឋានបច្ចេកទេស ពាក់ព័ន្ធ

ការអនុវត្តការងារថែទាំផ្លូវ ការជួសជុល ការស្ថាបនាផ្លូវជនបទ និងសំណង់សិល្បការ្យ

 

៣. ការជ្រើសរើសទីតាំងអណ្តូងទឹក និងស្រះទឹកសហគមន៍ទៅអនាគត ត្រូវធានាថាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ

 

៤. ត្រូវមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីធានាប្រសិទ្ធភាពការងារ ពិសេសត្រូវយកចិត្តទុកដាក់ចំពោះមន្រ្ដីមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

 

កិច្ចប្រជុំខាងលើ បានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2024 02 20 16 04 32 2photo 2024 02 20 16 04 32photo 2024 02 20 16 04 34photo 2024 02 20 16 04 35photo 2024 02 20 16 04 36photo 2024 02 20 16 04 38photo 2024 02 20 16 04 40 2photo 2024 02 20 16 04 40photo 2024 02 20 16 04 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ