មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំអបអរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤

ចែលរំលែក

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ដោយអនុវត្តន៍តាមអនុក្រឹត្យលេខៈ៥២ អនុក្រ.បក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ស្តីពីការកំណត់យកថ្ងៃទី១៣ វិច្ឆិកា ជារៀងរាល់ឆ្នាំប្រារព្ធពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំអបអរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ (១៣ វិច្ឆិកា) ក្រោមអធិបតីភាព ឯកឧត្តម រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាបរិវេណ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក អភិបាលនៃគណៈអភិបាលក្រុង ស្រុក អង្គការដៃគូ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៨ មេភូមិ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជនស.ស.យ.ក និងសិស្សានុសិស្ស សរុបចំនួន ២៧៦នាក់ ស្រី ១៤៧នាក់។

លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ បានចូលរួមមតិស្វាគមន៍ក្នុងពិធីអបអរទិវាជាតិ ១៣វិច្ឆិកា ឆ្នាំ២០២៣ ដូចខាងក្រោម៖

– ការលើកកម្ពស់អនាម័យនៅជនបទ និងការរស់នៅប្រកបដោយសុខភាពល្អ ជាកត្តាសំខាន់សម្រាប់យើងគ្រប់រូប ក្នុងការរស់នៅប្រចាំថ្ងៃ ធ្វើឲ្យយើងមានសុខភាពល្អមាំមួននោះ គឺត្រូវអនុវត្ត ផឹកស្អាត ហូបស្អាត និងអនាម័យល្អ ។

– រដ្ឋបាលស្រុកសាលាក្រៅ បានកំណត់ ផែនការធ្វើឲ្យឃុំទាំង៤ ក្នុងស្រុកទៅជាឃុំ គោលដៅ ដែលត្រូវជម្រុញសម្រេចឲ្យបាននូវការ បញ្ឈប់ការបន្ទោរបង់ពាសវាពាសកាល ។

– រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ទិសដៅ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យបាន ៩០%នៅឆ្នាំ២០២៣ និងមានទស្សនៈវិស័យនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងមានអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន មានសុវត្ថិភាពអនាម័យ ប្រកបដោយនិរន្តរភាព។

– រដ្ឋបាលស្រុកមានផែនការ ជម្រុញការលើកកម្ពស់ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចឲ្យបាន ១០០% ដើម្បីឲ្យស្របទៅ តាមទស្សនៈវិស័យ នៃគោលនយោបាយជាតិរបស់ រាជរដ្ឋាភិបាលដែលបានអនុម័ត ផែនការយុទ្ធសាស្រ្ត ជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋនៅតាមជនបទ ទទួលបានសេវាទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០២៥ ។

លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចូលរួមរបាយការណ៍ក្នុងពិធីអបអរទិវាជាតិ ១៣ វិច្ឆិកា ឆ្នាំ២០២៣ មានដូចតទៅ៖

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ ការងារអនុវត្តន៍លើវិស័យផ្គត់ផ្គង់ស្អាត ការសំអាត និងការលើកកម្ពស់អនាម័យជនបទ បានដាក់ចេញនូវលិខិតបទដ្ឋានគត្តិយុទ្ធនានា គោលដៅ និងផែនការយុទ្ធសាស្រ្តដូចជា៖

១.គោលដៅអភិវឌ្ឍន៍សហស្សវត្សរិ៍កម្ពុជា ២០១០-២០១៥គឺ ប្រជាពលរដ្ឋជនបទ៥០% ទទួលបានការផ្គត់ផ្គង់ទឹកមានការកែលម្អ និង៣០%ទទួលបានការលើកកម្ពស់អនាម័យ ។

២.ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០១៤-២០២៥ មានទស្សនៈវិស័យកំណត់ថា ប្រជាពលរដ្ឋនៅតំបន់ជនបទទូទាំងប្រទេស ទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។ ទន្ទឹមគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទមានពីរដំណាក់កាលគឺ ដំណាក់កាលទី១ (NAP1)ឆ្នាំ២០១៤-២០១៨ កំណត់ឱ្យបាន ៦០% និងដំណាក់កាលទី២ (NAP2)ឆ្នាំ២០១៩-២០២៣ កំណត់ឱ្យបាន ៩០% និង១០០%នៅឆ្នាំ២០៣០ ។ ជាមួយគ្នានេះដែរ ក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ជាតិ NWG ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត PWG និងក្រុមការងារបច្ចេកទេសថ្នាក់ក្រុងស្រុក DWG ក្នុងគោលបំណង កំណត់គោលដៅ ការរៀបចំផែនការ ត្រួតពិនិត្យវឌ្ឍនភាពរីកចម្រើន ដោះស្រាយបញ្ហា គៀគរអង្គការដៃគូ វិស័យឯកជន និងសប្បុរសជន ដើម្បីចូលរួមសម្រេចតាមផែនការនៃវិស័យទាំងពីរ តាមការកត់សម្គាល់ក្នុងខេត្តប៉ៃលិន ឆ្នាំ២០១៣ មានអត្រាទឹកស្អាត៤១% និងអនាម័យ៤៩% តែមកដល់បច្ចុប្បន្ននេះ ឆ្នាំ២០២៣៖

– គ្រួសារទទួលបានការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន៧៤.១% បើធៀបឆ្នាំ២០២២ កើនក្នុងរង្វង់៤.៤% ។

– ការប្រើប្រាស់បង្គន់អនាម័យកែលម្អសម្រេចបាន ៨៨.៩% ធៀបនឹងឆ្នាំ២០២២ កើនចំនួន១,២២៩ខ្នងផ្ទះ រង្វង់៧% ។

– មានភូមិបញ្ឈប់បន្ទោបង់ពាសវាលពាសកាល៦៨ភូមិលើ៩៣ភូមិ

– ខ្នងផ្ទះមានកន្លែងលាងដៃជាមួយសាប៊ូសម្រេចបាន ៧៤%និងការផ្គត់ផ្គង់ទឹកស្អាតក្នុងរង្វង់១៣%ក្នុងមួយឆ្នាំ និងអនាម័យប្រមាណ៦%ក្នុងមួយឆ្នាំ ។

នៅក្នុងពិធីអបអរនេះដែរ មានការចូលរួមផ្តល់សារ សកម្មភាពលេងរឿងខ្លីៗ និងសំណួរចម្លើយ លើការងារលើកកម្ពស់អនាម័យជនបទ(អង្គការសាម៉ារីតាន់ភឺស និងមន្ទីរអភិវឌ្ឍន៍ជនបទ) ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ