ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  អញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ  និងលុបបំបាត់ភាពក្រីក្រអាស៊ានលើកទី ១៣ នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នាថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងវិធីសាស្រ្តផ្អែកលើការពង្រឹងសហគមន៍ និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ កិច្ចប្រជុំបានទទួលស្គាល់តួនាទីដ៏សំខាន់នៃការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅក្នុងអាស៊ាន។​​​ កិច្ចប្រជុំក៏បានទទួលស្គាល់ពីកត្តាសុខសន្តិភាព និរន្តរភាព​ គឺជាកត្តាសំខាន់មួយមិនអាចខ្វះបានក្នុងការកសាងសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង​ និងមានស្ថិរភាព ព្រមទាំងធ្វើឱ្យប្រសើឡើងក្នុងការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ។

កិច្ចប្រជុំបានលើកឡើងពីតម្រូវការក្នុងការផ្តល់សិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធនៅកម្រិតសហគមន៍ រួមមានស្ត្រី យុវជន និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាដល់ការផ្តល់ការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតទិន្នន័យ ការប្រមូល និងការវិភាគ ដើម្បីជូនដំណឹងដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងក្នុងការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ។​ ដោយឡែក​ កត្តាដែលបណ្តាលមកពីការជះឥទ្ធិពលដោយកូវីដ១៩ (COVID-19) និងបញ្ហាដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានដោះស្រាយ។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងមានការឯកភាពគ្នាខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន៕

Share your thoughts