![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 8 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ក្រុមការងារសុខភាព អនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមចុះផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងក្រុងតាខ្មៅ
- ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៥:៥៨ ល្ងាច
- សកម្មភាពក្រសួង
![ក្រុមការងារសុខភាព អនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមចុះផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងក្រុងតាខ្មៅ 2 photo 2023 11 21 16 20 46](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-21_16-20-46-1000x750.jpg)
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី សុខសាន្ត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំក្រុមការងារមន្ទីរ សហការជាមួយរដ្ឋបាលក្រុងតាខ្មៅដឹកនាំដោយ លោក សុខ រក្សា អភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ រៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនសមាសភាពក្រុមការងារថ្នាក់សង្កាត់ និងថ្នាក់ក្រុង ដើម្បីត្រៀមចុះផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងក្រុងតាខ្មៅ។
សមាសភាពដែលអញ្ជើញចូលរួមមាន ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ តំណាងសាលារៀនក្នុងសង្កាត់ តំណាងមណ្ឌលសុខភាពក្នុងសង្កាត់ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ១០សង្កាត់ ក្នុងក្រុងតាខ្មៅ និងសមាជិក សមាជិកាក្រុមការងារ(DWG) ក្រុង សរុប ៨៨ នាក់ ស្រី៣២ នាក់ ដែលរៀបចំនៅសាលប្រជុំសាលាក្រុងតាខ្មៅ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីតម្រង់ទិសស្តីពី ការចុះអនុវត្តសកម្មភាពផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមលើកកម្ពស់អនាម័យជនបទប្រកបដោយនិរន្តរភាព និងបរិយាបន្ន។
ក្នុងនោះក៏មានការធ្វើបទបង្ហាញដោយ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាពជនបទ ពាក់ព័ន្ធនឹងការចុះការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ជូនសិក្ខាកាមជាថ្នាក់ភូមិ ឃុំ/សង្កាត់ និងក្រុងទាំងអស់។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានភាពស្និទស្នាលក្នុងបរិយាកាសដ៏រីករាយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមពីសិក្ខាកាមយ៉ាងផុសផុល និងទទួលបានជោគជ័យ៕