រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងជាង ១០០ គ.ម តម្លៃ ជាង ៤៧ លានដុល្លារ នៅខេត្តកំពង់ឆ្នាំង ជានិមិត្តរូបនៃខេត្តគោលដៅទាំង ៦

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គ.ម​​​ និងផ្លូវបេតុងប្រវែង ៣,៤១ គ.ម​​​ ជានិមិត្តរូបតំណាងឲ្យខេត្តគោលដៅទាំង ៦ របស់គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះ បានប្រព្រឹត្តទៅនៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ ដោយមានការចូលរួមពី ឯកឧត្ដម វូ គួឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាល ខេត្តកំពង់ឆ្នាំង មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។  ​                                                                                ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានធ្វើរបាយការណ៍ថា គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ បានចាប់ផ្តើមដំណើរ​ការ​​ពី ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ​បានចំណាយថវិកាសរុបចំនួន ៤៧,២៣២,៧៨៤ ដុល្លារ ក្នុងនោះមាន ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ២៩៦,៦១៩,២៦០ យ៉ន់ចិន(ប្រមាណ៤៥,៥៦៣,៥៨៩ ដុល្លារអាមេរិក) ​ និងថវិកាបដិភាគរបស់​រាជ​រដ្ឋាភិបាលកម្ពុជាចំនួន ១,៦៦៩,១៩៥ ដុល្លារ សម្រាប់ធ្វើការ​ដោះ​មីន និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ និងសេវាទីប្រឹក្សាបច្ចេកទេស ត្រួតពិនិត្យការអនុវត្តគម្រោង និង​សម្រាប់​កា​រងារប្រតិ​បត្តិកា​រគម្រោង។

ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តថា ផ្លូវជនបទក្រាលកៅស៊ូពីរជាន់(DBST)ដែលកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះមានប្រវែងសរុប ១១៦,៦៣ គ.ម និងផ្លូវបេតុងបានប្រវែង ៣,៤១ គ.ម នៅក្នុងខេត្តគោលដៅទាំង ៦គឺខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ។ ដំណើរការសាងសង់មានពីរកញ្ចប់ គឺទី ១ ក្រុមហ៊ុន Shanghai Construction Group Co. Ltd. សាងសង់ផ្លូវបានប្រវែងសរុបប្រវែង ៧៦,១៧ គ.ម. និងបេតុង ប្រវែង ៣,២៦ គ.ម.ក្នុងនោះនៅខេត្តកំពង់ឆ្នាំង បានប្រវែង ៣៦.៥៣ គ.ម ខេត្តកំពង់ស្ពឺ បានប្រវែង ២៨.៥១ គ.ម  និងខេត្តកណ្ដាលបាន ប្រវែង ១៤.៣៩ គ.ម ។ ជាមួយនេះក៏មានសំណង់លូមូលចំនួន ១៤៩ កន្លែង លូប្រអប់ចំនួន ០៨ កន្លែង ប្រឡាយដោះទឹកអមសងខាងផ្លូវមានរៀបថ្ម និងគម្របបានប្រវែង ២៧០ម៉ែត្រ ជីកប្រឡាយដីរំដោះទឹកអមសងខាងផ្លូវ បានប្រវែង ១៦ ៣៣៦ ម៉ែត្រ សាងសង់លូបង្ហូរមានមុខកាត់ ០,៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វផ្លូវបានប្រវែង ២​ ៨៤៥ ម៉ែត្រ, បំពាក់និងដំឡើងស្លាកសញ្ញាចរាចរណ៍ បានចំនួន ២៧៩កន្លែង ប​ង្គោលសុវត្ថិភាព បានចំនួន ៧២៧បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវបានចំនួន ១៥ ខ្សែ។

​ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង​ បានបន្តថា កញ្ចប់​​ទី២ អនុវត្តដោយសម្ព័ន្ធក្រុមហ៊ុន Yunnan Construction and Investment Holding​​ Group Co.,Ltd (YCIH) សាងសង់ផ្លូវ(DBST)បានប្រវែងសរុប ៤០,៤៧ គ.ម. និងបេតុង ប្រវែង ០,១៥ គ.ម. ក្នុងនោះនៅខេត្តព្រៃវែង បានប្រវែង ៩.៥០ គ.ម  ខេត្តស្វាយរៀងប្រវែង ៨ គ.ម  និងនៅខេត្តត្បូងឃ្មុំ បានប្រវែង ២៣.១២ គ.ម។  ជាមួយនេះបានសង់ស្ពានបេតុង ០១ កន្លែង ប្រវែង ២៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងមានសំណង់លូមូលចំនួន ៧៧កន្លែង និងលូប្រអប់ចំនួន ០៨កន្លែង ប្រឡាយដោះទឹកអមសងខាងផ្លូវមានរៀបថ្ម និងមានគម្របបាន ប្រវែង ៣ ២៦៨ម៉ែត្រ ប្រឡាយដីសម្រាប់រំដោះទឹក អមសងខាងផ្លូវបានប្រវែង ១៨ ៦៥០ម៉ែត្រ លូបង្ហូរមានមុខកាត់ ០,៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វ បានប្រវែង ១៨៤ម៉ែត្រ បំពាក់និងដំឡើងផ្លាកសញ្ញាចរាចរណ៍បានចំនួន ១៥ កន្លែង បង្គោលសុវត្ថិភាពចំនួន  ៩៧២បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវបានចំនួន ០៤ ខ្សែ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលបានសមិទ្ធផលថ្មីទាំង ៦ ខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង និងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះឲ្យបានល្អ ចូលរួមទប់ស្កាត់ការដឹកលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាការប្រើប្រាស់បានយូអង្វែង។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យអភិវឌ្ឍន៍ជនបទគឺការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយលើកកម្រិតកម្ពស់ផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូ(DBST) និងផ្លូវបេតុង ដើម្បីធានាការប្រើប្រាស់គ្រប់រដូវកាល សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់។

​ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងថា ឆ្នាំ២០២៣ ខាងមុខនេះ ជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសតាំ​ងតំណាងរាស្ត្រ ដូចនេះសូមបងប្អូនអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿងថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕

Share your thoughts