ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២ខ្សែ នៅខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន២ ខ្សែ នៅខេត្តស្វាយរៀង ដូចខាងក្រោម៖

– ខ្សែទី១៖ ប្រវែង ៩, ១៧០ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹកស្រុករំដួល ។ ជាលទ្ធផលសម្រេចបាន ៥៣% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ ។

– ខ្សែទី២៖ ប្រវែង២៤, ៩៦០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ជាលទ្ធផលសម្រេចបាន ៦០% គ្រោងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា៖ ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន ៤ ខ្សែប្រវែងសរុប ៥៧, ២០០គីឡូម៉ែត្រ ដែលជាគម្រោងស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ អនុវត្តនៅខេត្តគោលដៅទាំង ១០ ដោយធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤ គីឡូម៉ែត្រ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ ។

គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០ លាន ដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

Share your thoughts