ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន ០៣ គម្រោង នៅខេត្តកណ្តាល

នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន ០៣ គម្រោង រួមមាន៖

១/. គម្រោងទី ១៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ៣ ៣០០ ម ទទឹង ៦ ម កម្រាស់ ០,២ម ចិញ្ចើមក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ ០,៥ ម កម្រាស់ ០,២ ម ស្ថិតក្នុងភូមិក្តុល និងភូមិតាព្រហ្ម ឃុំកំពង់ឱស ស្រុកពញ្ញាឮ ខេត្តកណ្តាល (ប្រគល់ទទួល ១០០%)។

២/. គម្រោងទី ២៖ ការងារស្ថាបនាផ្លូវក្រាលបេតុង ០២ ខ្សែ ប្រវែងសរុប ១ ៨៩៩ ម ក្នុងនោះខ្សែទី ១ ប្រវែង ១ ២៣៩ ម ទទឹងបេតុង ៤ ម កម្រាស់ ០,២ ម និងខ្សែទី ២ ប្រវែង ៦៦០ ម ទទឹងបេតុង ៧ ម ស្ថិតនៅភូមិព្រែកតាសោម និងភូមិព្រែកយាយហ៊ិន ១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល (ប្រគល់ទទួល ១០០%)។

៣/. គម្រោងទី ៣៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ ខ្សែ ប្រវែង ៣ ៣៥០ ម ទទឹងបេតុង ៥ ម កម្រាស់ ០,១៨ ម ចិញ្ចើមក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ ១ ម ស្ថាបនាលូមូលសងខាងផ្លូវមុខកាត់ ៨០ស.ម ប្រវែងសរុប ៥ ០១៤ ម អណ្តូងលូចំនួន ២២២ កន្លែង រៀបចំប្រព័ន្ធលូមេបង្ហូរទឹកចូលទន្លេទំហំ ១០០ ស.ម ប្រវែង ១២០ ម ចំនួន ៥ កន្លែង និងលូមូលកាត់ទទឹងផ្លូវមុខកាត់ ១០០ ស.ម ប្រវែង ៧ ម ចំនួន ០៥ កន្លែង ស្ថិតក្នុងភូមិពុកឬស្សីលើ ទៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព)។

គម្រោងទាំង ៣ ខាងលើនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១។

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃប្រគល់ទទួល ១០០% លើគម្រោងទី ១ និងទី ២ និងវាយតម្លៃបញ្ចប់សុពលភាព សម្រាប់គម្រោងទី ៣៕

Share your thoughts