
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំខួបដោយក្រាលល្បាយក្រួសចំនួន២ខ្សែមានប្រវែងសរុប១៣២០០ ម៉ែត្រ ក្នុងខេត្តកំពត
- ២ ថ្ងៃមុន ថ្ងៃទី៣០ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការនិងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងរួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតដែលជាអ្នកទទួលការ បានចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំខួបដោយក្រាលល្បាយក្រួសចំនួន២ខ្សែមានប្រវែងសរុប១៣២០០ ម៉ែត្រ ទទឹង៤ម៉ែត្រ និង ៥ម៉ែត្រ ស្ថិតនៅឃុំនារាយណ៍ ឃុំមានជ័យ ឃុំក្រាំងស្នាយ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ខ្ញុំបាទក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវនិងលូនៅក្នុងមូលដ្ឋាន និងព្យាយាមមិនឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវដើម្បីរក្សាគុណភាពផ្លូវនិងលូឱ្យប្រើប្រាស់បានយូរអង្វែង។
បន្ទាប់មកគណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងបានឯកភាពទទួលយកការបញ្ចប់សុពលភាពតាមការស្នើសុំរបស់អ្នកទទួលការ។