
លោកជំទាវ សុខ វិសាល អញ្ជើញចូលរួមកិច្ចប្រជុំជាបឋម (preliminary meeting) តាមប្រព័ន្ធអនឡាញជាមួយនឹង ASEAN Secretariat ដើម្បីពិភាក្សាលើការរៀបចំសិក្ខាសាលាចំនួនពីរដែលត្រូវដឹកនាំដោយប្រទេសកម្ពុជាក្រោមកិច្ចសហការណ៍ពី RDI និង ADBI
- ៥ ថ្ងៃមុន ថ្ងៃទី២៧ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយមន្រ្តីនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំជាបឋម (preliminary meeting) តាមប្រព័ន្ធអនឡាញជាមួយនឹង ASEAN Secretariat ដើម្បីពិភាក្សាលើការរៀបចំសិក្ខាសាលាចំនួនពីរដែលត្រូវដឹកនាំដោយប្រទេសកម្ពុជាក្រោមកិច្ចសហការណ៍ពី Research Development Initiative (RDI) និង Asian Development Bank Institute (ADBI)។ កិច្ចប្រជុំជាបឋមនេះមានគោលបំណងពិភាក្សា និងពិនិត្យលើប្រធានបទយ៉ាងស៊ីជម្រៅ របៀបវារៈដែលបានស្នើឡើង និងពិចារណាលើការជ្រើសរើសវាគ្មិនដែលមានសក្តានុពលឡើងមកធ្វើបទបង្ហាញនៅសិក្ខាសាលាទាំងពីរនេះ ហើយដែលគ្រោងនឹងរៀបចំតាមប្រព័ន្ធអ៊ិនធើណេត (ZOOM) ក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
សិក្ខាសាលាទាំងពីរដែលនឹងគ្រោងដឹកនាំដោយប្រទេសកម្ពុជាផ្តោតសំខាន់លើប្រធានបទចំនួនពីរគឺ ប្រធានបទទី១៖ “ការពង្រឹងភាពជាដៃគូ និងការវិនិយោគសហគមន៍សម្រាប់ការអភិវឌ្ឍន៍ជនបទរួម និងការរីកចម្រើនប្រកបដោយចីរភាព” និងប្រធានបទទី២៖ “វិធីសាស្រ្តរួមបញ្ចូលគ្នាក្នុងការកសាងសហគមន៍ជនបទដែលធន់នឹងអាកាសធាតុ៖ ការការពារសង្គម ប្រព័ន្ធសុខភាព និងការធ្វើផែនទីកំណត់ហានិភ័យផ្នែកកសិកម្ម”។ កិច្ចប្រជុំជាបឋមនេះ បានផ្តល់ឱកាសឱ្យក្រុមការងារពាក់ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការរៀបចំជំហានបន្ទាប់ ដើម្បីធានាបាននូវការរៀបចំសិក្ខាសាលាទាំងពីរខាងលើ ប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ៕