
លោក ស្រ៊ិន ពុទ្ធី និងលោក គង់ ភឿន អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច ស្ដីពីការបង្កើតលេខាធិការដ្ឋាន និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥
- ៤ ថ្ងៃមុន ថ្ងៃទី៤ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច ស្ដីពីការបង្កើតលេខាធិការដ្ឋាន និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី ១ គ.ជ.គ.ម ដែលមានសមាសភាពចូលរួមពីស្ថាប័នពាក់ព័ន្ធចំនួន ៦៨ រូប ស្រី ៥រូប។
កិច្ចប្រជុំនេះមានគោលបំណងផ្ដោតទៅលើការប្រកាសសមាសភាពក្រុមការងារ លេខាធិការដ្ឋាន អនុគណៈកម្មការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ និងពិភាក្សាពាក់ព័ន្ធជាមួយគ្រោះមហន្តរាយអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីគ្រោះមហន្តរាយដែលគ្រោងរៀបចំនាពេលខាងមុខនេះផងដែរ។