លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១២:០៤ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ រួមជាមួយលោកជំទាវ ឡាយ វីរៈបុត្រ និងលោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់ក្រសួងអភិវឌ្ឍន៏ជនបទ ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តឆ្លើយតបនឹងមេរោគជំងឺអេដស៍ កន្លងមក។ បន្ទាប់មកក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៏ក្រសួងអភិវឌ្ឍន៏ជនបទ បានបង្ហាញនូវសមិទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ក្នុងវិសយ៍អភិវឌ្ឍន៏ជនបទ តាមរយៈកម្មវិធីនានាដែលពាក់ពន្ធ៍ផ្ទាល់នៅសហគមន៍ជនបទ ជារៀងរាល់ឆ្នាំ។ លើសពីនេះក្រសួងក៏មាននាយកដ្នានថែទាំសុខភាពជនបទ បានរួមចំណែកយ៉ាងសកម្ម ក្នុងការអប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ជំងឺឆ្លងនានា សំដៅធ្វើយ៉ាងណាឱ្យប្រជាជននៅតំបន់ជនបទ រស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងបរិស្ថានស្អាត។ អង្គប្រជុំក៏បានស្តាប់នូវបទបង្ហាញរបស់ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ស្តីពី ថាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៏និងជំងឺអេដស៏។ ឯកឧត្តម បានរំលេចក្នុងបទបង្ហាញ ទោះនៅតំបន់ជនបទ ដាច់ស្រយាលក៏មានអ្នកផ្ទុកមេរោគអេដស៏និងអ្នកចម្លងមេរោគអេដស៏ផងដែរ។ អង្គប្រជុំបានពិភាក្សាដើម្បីស្វែងរកគន្លឹះរួមគ្នាឆ្លើយតបមេរោគអេដស៍តាមវិសយ័ ។ លទ្ធផលនៃកិច្ចប្រជុំ រួមមាន ៖
១. អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានផ្តល់ជាអនុសាសន៏ដល់ក្រុមការងារប្រយុទ្ធជំងឺអេដស៍ក្រសួងអភិវឌ្ឍន៏ជនបទ ពិនិត្យពិចារណាលើប្រជាជនគន្លឹះ បន្តពង្រីកនិងពង្រឹងសកម្មភាពឆ្លើយតបជំងឺអេដស៍ ក្នុងវិសយ័អភិវឌ្ឍន៏ជនបទ
២ ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៏ក្រសួងអភិវឌ្ឍន៏ជនបទ បានសំណូមពរដល់អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៏ កំណត់ខេត្តគោលដៅ ដើម្បីក្រុមការងាររៀបចំផែនការសកម្មភាពឆ្លើយតបជំងឺអេដស៏ចំគោលដៅរួមគ្នាទប់ស្កាត់ជំងឺអេដស៏កុំឱ្យផ្ទុះឡើងវិញ និងបានទាន់ពេលវេលា៕