មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូងនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា ឯកឧត្ដម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ និងឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្តចូលរួមកិច្ចប្រជុំស្តីពី “2024 Cambodia Country Programming Mission”។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម អគ្គនាយកបច្ចេកទេស អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការរង និងជានាយកគម្រោង RWSHISDP  តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងអនុប្រធាននាយកដ្ឋាន និងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីសំណើរបស់គម្រោងអភិវឌ្ឍន៍នានា ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងផែនការកម្ចីឥណទាន ឆ្នាំ២០២៤-២០២៧ ផ្តោតសំខាន់ទៅលើការអភីវឌ្ឍវិស័យផ្គត់ផ្គង់ទឹក និងនគររូបនីយកម្ម។

 

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលជាដៃគូដ៏រឹងមាំក្នុងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ក្នុងការអនុវត្តគម្រោងនានា ក៏ដូចជាកម្មវិធីផ្សេងៗ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) ប្រកបដោយមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានលើកឡើងពីសារៈសំខាន់ និងតម្រូវការចាំបាច់សម្រាប់ពេលបច្ចុប្បន្នលើការងារអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យនគរូបនីយកម្ម។

 

ក្នុងឱកាសនោះដែរក្រុមការងាររបស់ក្រសួង បានធ្វើបទបង្ហាញពី បច្ចុប្បន្នភាពនៃការរៀបចំគម្រោងដែលបានដាក់បញ្ចូលទៅក្នុងផែនការហិរញ្ញប្បទាន ឆ្នាំ២០២៤ ដែលមានឈ្មោះថា ៖ កម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ជំហានទី៤ (Rural Water Supply, Sanitation and Hygiene Improvement Sector Development Program) ដែលគ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាននៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

 

ជាមួយគ្នានេះក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អស៊ី (ADB) សម្រាប់កិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមកលើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសលើសកម្មភាពអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកជនបទ ។

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ក្រុមការងាររបស់ក្រសួងក៏បានលើកឡើងពីតម្រូវការចំនួន២ និងស្នើសុំការគាំទ្រពី (ADB) ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រង និងអភិវឌ្ឍន៍ការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយភាពធន់ និងបរិយាប័ន្ន ដែលតម្រូវការនោះរួមមាន ៖

 

–  ស្នើសុំការគាំទ្រការពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Management Information Systems) វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ដែលក្នុងនោះរួមមាន ការប្រមូលទិន្នន័យទឹកស្អាត និងអនាម័យ ការរៀបចំផែនទីបរិក្ខារទឹកស្អាត និងអនាម័យ និងរៀបចំផែនទីទឹកក្រោមដី (Digital Underground Water Mapping)

 

– ស្នើសុំការគាំទ្រក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិ (National Strategic Plan) និងផែនការសកម្មភាពជាតិ ជំហានទី៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (National Action Plan III)។

 

សូមបញ្ជាក់ផងដែរថា ៖ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្តែងនូវការគាំទ្រលើសំណើទាំងពីរខាងលើ និងជំរុញឱ្យមានការពិភាក្សាបន្តទៀតដើម្បីពិនិត្យលទ្ធភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ