ឯកឧត្តម ភួង សោភា អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវ និងស្រះទឹកនៅស្រុករលាប្អៀរ
- ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក អ៊ួង ប៊ុណ្ណាកា អគ្គនាយករងបច្ចេកទេស និងជាប្រធានគ្រប់គ្រងគម្រោង តំណាងធនាគារ AIIB លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ០២ខ្សែ និងស្រះសហគមន៍ ចំនួន ០២កន្លែងដូចខាងក្រោម ៖
– ខ្សែទី១ ៖ ប្រវែង ១២,៣៣គីឡូម៉ែត្រ ដែលផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវបេតុង ដែលមានលូប្រអប់ចំនួន ០២កន្លែង, លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង ឆ្លងកាត់ភូមិមានជ័យ ភូមិអូរតាសេក ភូមិឈើត្រាច និងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង ។ ការដ្ឋាននេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជាលទ្ធផលសម្រេចបានប្រមាណ ៧៧,៤៤% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ។
– ផ្លូវខ្សែទី២ ៖ ប្រវែង ២០,១៩៥ គីឡូម៉ែត្រ ដែលជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មានលូមូលកាត់ទទឹងផ្លូវចំនួន ៥២កន្លែង តភ្ជាប់ពីភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវនេះបានចាប់ផ្តើមសាងសង់ កាលពីខែឧសភា ឆ្នាំ២០២៣ ជាលទ្ធផលសម្រេចបានប្រមាណ ៨១,៥៥% ហើយគ្រោងនឹងបញ្ជប់នៅចុងខែឧសភា ឆ្នាំ២០២៤។
– ស្រះទឹកទី១ ៖ ស្រះក្រាលថ្មបាយអរ មានទំហំ ៣៨ម៉ែត្រ X ៦១,៥ម៉ែត្រ X ៤ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្រះទឹកទី២ ៖ ស្រះធម្មតា ៣៩ម៉ែត្រ X ៤៦ម៉ែត្រ X ៤ម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ស្រះទឹកសហគមន៍ទាំងពីរខាងលើបានសាងសង់រួចជាស្ថាបពរកាលពី ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសពិនិត្យសមិទ្ធផលខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋនៅទីនោះ និងបានផ្ដាំផ្ញើដល់អាជ្ញធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយថែរក្សាផ្លូវនេះឱ្យបានល្អ នៅពេលស្ថាបនារួច ជាពិសេសសហការគ្នា ទប់ស្កាត់រាល់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងរួមគ្នាថែរក្សាស្រះទឹកឱ្យបានគង់វង្ស៕