លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចុះសហការជាមួយរដ្ឋបាលឃុំគគីសោម និងឃុំមនោរម្យ ស្រុកស្វាយទាប ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះ
- ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តស្វាយរៀង៖នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរ បានចុះសហការជាមួយរដ្ឋបាលឃុំគគីសោម និងឃុំមនោរម្យ ស្រុកស្វាយទាប ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៥អណ្តូង ដែលមាននីវ៉ូទឹកកំរិត ៦,៧ម៉ែត្រ ដល់ ៧,៧ម៉ែត្រ ជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំដូចជា៖
ទី១.បានផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី៨០មម ទៅ១០០មីលីម៉ែត្រឡើងទៅ។
ទី២. សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។
ទី៣. សូមផ្អាកការបូមទឹកក្រោមដីយកធ្វើចំការ និងស្រែប្រាំង។