ឯកឧត្តម នួន ដាញុិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសស្រុកប្រសាទសំបូរ នៃខេត្តកំពង់ធំ ជាស្រុកទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ចែលរំលែក
photo 2024 05 03 16 06 56 5

ខេត្ដកំពង់ធំ÷ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នួន ដាញុិល រដ្ឋលេខាធិការតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសស្រុកប្រសាទសំបូរ នៃខេត្តកំពង់ធំ ជាស្រុកទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ អង្គការវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) រដ្ឋបាលស្រុកប្រាសាទសំបូរ កងកម្លាំងទាំងបីប្រភេទ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង ៣០០នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍អំពីស្ថានភាពទូទៅនៃដំណើរការរៀបចំ សហការ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ រហូតទទួលបានជ័យលាភីស្រុកប្រសាទសំបូរ នៃខេត្តកំពង់ធំ ជាស្រុកទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយ លោក ឃឹម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី ខេត្តកំពង់ធំ រួចមកក្រុមប្រឹក្សាឃុំសំបូរ និងតំណាងអង្គការវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) បានឡើងមានចំណាប់អារម្មណ៍ដោយបានបង្ហាញពីសារៈសំខាន់នៃការចូលរួម និងបទពិសោធន៍ដែលទទួលបានកន្លងមក ព្រមទាំងការប្រើប្រាស់បង្គន់ រហូតដល់ឈានទៅដល់ការសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាពេលនេះ។

បន្ទាប់មក ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានបង្ហាញការអបអរសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការនិងជួយជ្រោមជ្រែងរហូតទទួលបាននូវ ODF ថ្ងៃនេះ គឺពិតជាមានមោទនភាពក្រៃលែងសម្រាប់ស្រុកប្រសាទសំបូរ ក៏ដូចជាសម្រាប់ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះឯកឧត្តម លោក លោកស្រី ដែលមានវត្តមានក្នុងពិធីទាំងអស់ និងបានបង្ហាញពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំណត់វិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមសម្រេចឱ្យបានចកខុវិស័យខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ចក្ខុវិស័យ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” អមដោយសសរស្តមចំនួន ៤ ដែលសសរស្តមទី២ ក្នុងចំណោមសសរស្តមទាំង៤ គឺ “កែលម្អលក្ខណ្ឌនៃការរស់នៅរបស់ប្រជាសហគមន៍ជនបទ” ដោយបានគិតពីសុខមាលភាព សុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅជនបទ។

ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
១. បន្តប្រពៃណីសហការល្អនេះបន្តទៀតជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការក្នុងស្រុក និងក្រៅស្រុក ដើម្បីធានាថាត្រឹមឆ្នាំ២០៣០ យើងអាចទទួលបានអត្រាគ្របដណ្តប់ ១០០% ទាំងការផ្គត់ផ្គត់ទឹក និងអនាម័យ ពិសេសឈានទៅសម្រេចបានបានខេត្ត ODF ១០០%
២. បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់មហាជនទូទៅ ឱ្យយល់ដឹងអំពីសារសំខាន់នៃអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ
៣. បន្តកៀរគរធនធានស្របច្បាប់ពីគ្រប់មជ្ឈដ្ឋាន ពិសេសដៃគូអភិវឌ្ឍន៍ជ និងអង្គការក្នុងស្រុក និងក្រៅ ស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរស់នៅជនបទ ទាំងផ្នែកទន់ (អប់រំ ផ្សព្វផ្សាយ) និងរឹង (សាងសង់បង្គន់)។
photo 2024 05 03 16 06 55 2

photo 2024 05 03 16 06 55 3

photo 2024 05 03 16 06 55 4

photo 2024 05 03 16 06 55 5

photo 2024 05 03 16 06 55

photo 2024 05 03 16 06 56 2

photo 2024 05 03 16 06 56 3

photo 2024 05 03 16 06 56 4

photo 2024 05 03 16 06 56 5

photo 2024 05 03 16 06 56

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ