ឯកឧត្តមបណ្ឌិត សួស គង់ ដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមទីប្រឹក្សាបច្ចេកទេសក្រសួង ចុះពិនិត្យការស្ថាបនាផ្លូវ និងប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ
- ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមទីប្រឹក្សាបច្ចេកទេសក្រសួង ចុះត្រួតពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង ៥,៨០គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងលូប្រអប់ចំនួន ៣កនែ្លង នៅឃុំមហាសាំង ស្រុកភ្នំស្រួច ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ។
ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនោះ ក៏មានការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរ, មន្ដ្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ, អាជ្ញាធរដែនដីស្រុកភ្នំស្រួច និង អាជ្ញាធរឃុំផងដែរ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត សួស គង់ បានបន្តដំណើរទៅពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋមួយចំនួន រួមមាន៖
– ការពិនិត្យប្រព័ន្ធចែកចាយទឹកខ្នាតតូចសហគមន៍ ស្ថិតនៅភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដែលបានទាញយកទឹកពីស្រះទឹក បានរីងស្ងួត។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំឱ្យ ឃុំព្រៃរំដួល ស្ដាស្រះ ជាប្រភពទឹក ដើម្បីធានាការផ្គត់ផ្គង់។
– ការពិនិត្យបញ្ហាខ្វះខាតទឹកនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដែលប្រភពផ្គត់ផ្គង់ទឹកដូចជា ស្រះ អូរ និងស្ទឹងបានរីងស្ងួត។ ដោយសារនៅតំបន់នោះ ខួងអណ្ដូង មិនចេញទឹក ប្រជាពលរដ្ឋ បានទិញទឹកគេដឹកលក់សម្រាប់ប្រើប្រាស់។
– ការពិនិត្យអណ្ដូងចំនួន ០៤កន្លែង នៅភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច មានអណ្ដូងខូចចំនួន ០២អណ្ដូង ហើយ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំឱ្យ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជួយជួសជុលជូនប្រជាពលរដ្ឋប្រើប្រាស់បាន៕