លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះសហការជាមួយរដ្ឋបាលឃុំ ចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងស្រុករមាសហែក
- ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដោយលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះសហការជាមួយរដ្ឋបាលឃុំអណ្តូងត្របែក ឃុំអណ្តូងពោធិ៍ និងឃុំសំបួរ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ៩អណ្តូង ដែលមាននីវ៉ូទឹកធ្លាក់ចុះចាប់ពី ៩មីលីម៉ែត្រ រហូតដល់ ១៦មីលីម៉ែត្រ ដែលជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានណែនាំដល់ប្រជាពលរដ្ឋដូចខាងក្រោម៖
– ផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រឡើងទៅ។
– សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។
– ស្នើសុំអោយប្រជាពលរដ្ឋក្នុងឃុំ ផ្អាកការបូមទឹកពីក្រោមដីមកធ្វើស្រែប្រាំង។