ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំគណៈកម្មការចំពោះកិច្ច ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំពិភាក្សាជាមួយគណៈកម្មការចំពោះកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន
- ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១:១៣ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការចំពោះកិច្ច ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយកបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ទ ប្រជុំពិភាក្សាជាមួយគណៈកម្មការចំពោះកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមាសភាពរួមមាន ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស លោក អគ្គនាយករង និងប្រធាននាយកដ្ឋានផ្លូវថ្នល់។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបើកកិច្ចពិភាក្សាលើបញ្ហាប្រឈមមួយចំនួន និងស្វែងរកដោះស្រាយលើការគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. សមត្ថកិច្ចផ្លូវថ្នល់
២. វិសោធនកម្មអនុក្រឹត្យលេខ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
៣. វិសោធនកម្មអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើង
កិច្ចប្រជុំបានប្រពឹត្តទៅប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ និងបរិយាកាសស្និទ្ធស្នាលជាទីបំផុត ដោយបានឯកភាពគ្នាដូចខាងក្រោម ៖
១. លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចរបស់ក្រសួងទាំងពីរនឹងបន្តពិភាក្សាកម្រិតបច្ចេកទេស
២. កិច្ចប្រជុំលើកទី២ របស់គណៈកម្មការចំពោះកិច្ច នឹងត្រូវធ្វើនៅក្រសួងសាធារណៈការ និងដឹកជញ្ជូន
៣.របៀបវារៈ នៃការប្រជុំលើកទី២ គឺអនុក្រឹត្យលេខ ១៤១និង១៩៧ ផែនទីខ្សែផ្លូវដែលត្រួតស៊ីគ្នា សម្រង់ខ្សែផ្លូវរបស់ក្រសួងទាំងពីរ និងផ្សេងៗ។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ និងបរិយាកាសស្និទ្ធស្នាលជាទីបំផុត៕