ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិច

ចែលរំលែក
photo 2024 04 30 18 22 59 2

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិចចំណោមយុវជន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

 

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទចំនួន ២ គឺ ទី១- ស្ថានភាពការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូរនិចក្នុងចំណោមយុវជន និងទី២- ពិភាក្សាស្វែងរកវិធានការបន្ថែមដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្ននេះក្រសួង បានចាត់វិធានការអប់រំ ផ្សព្វផ្សាយ នឹងចាត់វិធានការរដ្ឋបាល ដោយប្រើប្រាស់កម្មវិធីមិត្តអប់រំមិត្ត នឹងបានចេញសេចក្តីណែនាំមួយគឺ  ហាមឃាត់មិនឱ្យលក់ដូរបារីអេឡិចត្រូនិកនៅក្នុងបរិវេណសាលា ដោយសហការជាមួយអាជ្ញធរមូលដ្ឋាន ។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានបន្តទៀតថាដើម្បីលុបបំបាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព គឺទាមទារឱ្យមានអនុក្រឹត្យមួយ ដែលឈរលើមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ ហើយនិងការស្រាវជ្រាវឱ្យច្បាស់លាស់ ពាក់ព័ន្ធជាមួយអ្នកប្រើប្រាស់ទាំងនៅក្នុង និងក្រៅសាលាផងដែរ។ បារីអេឡិចត្រូនិកនេះ ជាផលិតផលដ៏មានគ្រោះថ្នាក់បំផុតព្រោះ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញាជាពិសេសយុវជន និងកុមារ ៕

photo 2024 04 30 18 22 59 2 photo 2024 04 30 18 22 59

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ