មន្ត្រីអធិការកិច្ចផ្លូវថ្នល់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើសម្បថដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ពេញលេញក្នុងការអនុវត្តបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:៤៧ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានដឹកនាំមន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងរាជធានីភ្នំពេញ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងយុត្តិធម៌ និងក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២៨រូប ធ្វើពិធីសម្បថនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំពេញនីតិវិធីឱ្យបានត្រឹមត្រូវតាមមាត្រា៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងក្លាយជាមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ពេញលេញក្នុងការអនុវត្តបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់។
ក្នុងពិធីនេះ តំណាងអយ្យការ និងប្រធានក្រុមប្រឹក្សាសម្បថ ក៏បានណែនាំដល់មន្ត្រីទាំងអស់ដែលចូលរួមភារកិច្ចនេះ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ គោរពច្បាប់រដ្ឋធម្មនុញ្ញ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីផ្លូវថ្នល់ ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើ និងបំពេញការងារឱ្យបានល្អជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ៕
គួបញ្ជាក់ដែរថា មន្ត្រីអធិការកិច្ចផ្លូវថ្នល់ បង្កើតឡើង សម្រាប់តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ផ្លូវថ្នល់។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ មានសិទ្ធិស្នើសុំជំនួយសហការពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចូលរួមបង្ក្រាបបទល្មើសដូចមានចែងក្នុងច្បាប់ផ្លូវថ្នល់៕