ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:៤៥ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ នៃក្រសួងទាំងបី បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀតស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហារកប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋ។ ជាលទ្ធផលក្រសួងទាំងបីបានឯកភាពគ្នាជាគោលការណ៍ធ្វើការរួមគ្នាលើវិស័យផ្គត់ផ្គត់ទឹកនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរួមដោយកំណត់វិធានការបន្ទាន់ និងវិធានការរយៈវែងដូចខាងក្រោម៖
ចំពោះវិធានការបន្ទាន់
ទី១)ខួងអណ្តូងដើម្បីទាញយកទឹកពីក្រោមដីមកប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន
ទី២)ស្វែងរកទឹកពីប្រភពទឹកលើដីផ្សេងទៀត ដែលអាចមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ផ្គត់ផ្គង់បណ្តោះអាសន្នបាន និង
ទី៣)ផ្គត់ផ្គង់ទឹកតាមមធ្យោបាយផ្សេង”ដើម្បីដោះស្រាយបញ្ហាចំពោះមុខ
ចំពោះវិធានការយៈពេលវែង៖
១. ក្រសួងទាំងបីនឹងរៀបចំក្រុមការងារបច្ចេកទេសដើម្បីធ្វើអនុស្សារណៈបែងចែកភារកិច្ចជៀសវាងភារកិច្ចជាន់គ្នាធ្វើឲ្យរាំងស្ទះក្នុងការអនុវត្ត ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ
២. រៀបចំបង្កើតផែនការមេរួមគ្នាដោយធ្វើផែនទីពត៌មានរួមជាមួយផែនទីរបស់ក្រសួងរៀនចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីមានពត៌មានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យរៀងៗខ្លួន៕