ឯកឧត្តម សាន  វិសាល អញ្ជើញចុះពិនិត្យមើលស្ថានភាព នៃការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ចែលរំលែក

ខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង  ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន  វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ចំនួន ២ ភូមិចំនួន ០៧ ក្នុងនោះមានភូមិចំនួន ០៣ ស្មើនឹង ១៧១គ្រួសារ កំពុងទទួលរងនូវកង្វះទឹកប្រើប្រាស់ និងបរិភោគ។

 

អញ្ជើញចូលរួមពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹកនាពេលនោះមាន ឯកឧត្តម អុឹង វណ្ណា  អនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ លោកចៅសង្កាត់ និងមេភូមិ ផងដែរ ។

 

បន្ទាប់ពីស្តាប់របាយការណ៍របស់លោកស្រីអភិបាលក្រុងរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំប្រតិភូទៅពិនិត្យមើលទីតាំងជាក់ស្តែង នៅសង្កាត់កោះតូច និងសង្កាត់បឹងទូក  មានស្រះទឹកមួយកន្លែង មានសភាពទឹករាក់ មិនអាចយកទឹកបរិភោគបាន និងអណ្ដូងស្នប់អាហ្រ្វីដេវចំនួន ៣ ទៀតបានខូច មិនដំណើរការ ។ ជាដំណោះស្រាយ ឯកឧត្តម សាន វិសាល និងឯកឧត្តម  អ៊ុឺង វណ្ណា បានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចាត់មន្រ្តីបច្ចេកទេសការិយាល័យទឹកស្អាត ចុះទៅជួសជុលអណ្ដូងស្នប់ទាំង ៣ ដែលបានខូច ឲ្យដំណើរការឡើងវិញ ជាបន្ទាន់នៅក្នុងសប្ដាហ៍នេះ ។

 

ចំពោះប្រជាពលរដ្ឋចំនួន ១៥គ្រួសារទៀត ដែលពុំមានលទ្ធភាពតភ្ជាប់ បណ្តាញទុយោទឹកស្អាតនៅភូមិរលួស សង្កាត់បឹងទូក អាជ្ញាធរបានសម្របសម្រួលឲ្យប្រើប្រាសទឹកជាមួយ នឹងបងប្អូនប្រជាពលរដ្ឋ ដែលមានលទ្ធភាពតបណ្តាញ ទឹកស្អាតបណ្ដោះ អាសន្នសិន។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរលើកផែនការទៅក្រសួង ស្នើសុំអណ្តូងស្នប់ចំនួន ០១ ជូនប្រជាពលរដ្ឋចំនួន ១៥គ្រួសារខាងលើ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ