មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់រៀបចំពិធីសូត្រមន្តលើករាសី និងពិសាអាហារសាមគ្គី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងមន្ត្រីរាជការចូលនិវត្តន៍
- ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រី បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពស.២៥៦៨ គ.ស២០២៤ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ក្នុងស្មារតីមហាសាមគ្គីគ្រួសារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។
កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ជាពិសេសត្រៀម ទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលនឹង យាងចុះមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២:២៤នាទីយប់ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ ចំពោះគ្រួសារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
នៅក្នុងពិធីនេះដែរ លោកប្រធានមន្ទីរ និងថ្នាក់ដឹកនាំ និងមន្ត្រី និងដោយមានការអញ្ជើញចូលរួមពី លោកស្រីជាអតីតមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ដែលបានចូលនិវត្តន៍ ដើម្បីចូលរួមពិសារសាមគ្គីផងដែរ។