ឯកឧត្ដមបណ្ឌិត សៅ  ជីវ័ន្ត រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការលើកកម្ពស់កសិកម្មអេកូឡូស៊ីក្នុងបរិបទនៃផែនការមេអាស៊ានស្តីពីការអភិវឌ្ឍជនបទ និងគោលការណ៍ណែនាំអាស៊ានស្តីពីកសិកម្មប្រកបដោយនិរន្តរភាព”

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ  ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដើម្បីលើកកម្ពស់កសិកម្មអេកូឡូស៊ីក្នុងបរិបទនៃផែនការមេអាស៊ានស្តីពីការងារអភិវឌ្ឍន៍ជនបទនិងគោលការណ៍ណែនាំតំបន់អាស៊ានស្តីពីកសិកម្មប្រកបដោយនិរន្តរភាព នៅសណ្ឋាគារភ្នំពេញ។

 

សិក្ខាសាលានេះមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចាន់  សារិទ្ធ  អនុរដ្ឋលេខាធិការ  តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រីបណ្ឌិត  Raphaelle Ducrot តំណាងមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិផ្នែកក្សេត្រសាស្រ្តសម្រាប់ការអភិវឌ្ឍ (CIRAD) លោក នួន ទុំ តំណាងក្រុមប្រឹក្សាភិបាល  (CamboDHRRA) លោកបណ្ឌិត លី ប្រយុទ្ធ ឧបការីតំណាងអង្គការស្បៀង  និងកសិកម្មនៃសហប្រជាជាតិ  (FAO) តំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក (UNESCAP) តំណាងសហភាពអឺរ៉ុប (EU) និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី  តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការជាតិ អន្តរជាតិ  និងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ  តំណាងកសិករ  និងសហគមន៍កសិកម្ម  សរុប ៥៧នាក់។

 

ក្រោយពីមតិស្វាគមន៍នៃអង្គសិក្ខាសាលា  ឯកឧត្តមបណ្ឌិត  សៅ  ជីវ័ន្ត រដ្ឋលេខាធិការ ក្នុងនាមជាឧត្តមមន្រ្តីអាស៊ានស្តីពីការអភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រ  (SOMRDPE) បានថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា ក្រោមប្រធានបទ ៖ ការលើកកម្ពស់កសិកម្មអេកូឡូស៊ីក្នុងបរិបទ នៃផែនការមេអាស៊ាន ស្តីពីការអភិវឌ្ឍជនបទ និងគោលការណ៍ណែនាំ ស្តីពីកសិកម្មប្រកបដោយនិរន្តរភាព ក្នុងក្របខណ្ឌអាស៊ាន។

 

អង្គសិក្ខាសាលាបានពិភាក្សាលើប្រធានបទមួយចំនួនដូចខាងក្រោម៖

 

១. សារ:សំខាន់  នៃតួនាទីក្នុងការផ្លាស់ប្តូរ  ប្រកបដោយនិរន្តរភាពចំពោះកសិកម្ម  និងកសិកម្មអេកូឡូស៊ី  ក្នុងការកែទម្រង់កសិកម្ម និងការអភិវឌ្ឍជនបទ

 

២. ទស្សនាទាន  នៃការផ្លាស់ប្តូរប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយនិរន្តរភាព

 

៣. ទិដ្ឋភាពទូទៅ នៃផែនការមេអាស៊ានស្តីពីការអភិវឌ្ឍជនបទ និងការលុបបំពាត់ភាពក្រីក្រ

 

៤. ទិដ្ឋភាពទូទៅ នៃគោលការណ៍ណែនាំអាស៊ានស្តីពីកសិកម្មប្រកបដោយនិរន្តរភាព

 

៥. គំនិតផ្តួចផ្តើមក្នុងកិច្ចការងារកសិកម្មអេកូឡូស៊ី។

 

ជាលទ្ធផល អង្គសិក្ខាសាលាបានសម្រេចបាននូវការប្រមូលធាតុចូលសំខាន់ៗ តាមរយ:កិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធលើការរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីកសិកម្មអេកូឡូស៊ី ក្រោមក្របខ័ណ្ឌអាស៊ាន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ